(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនបានឆ្លើយឆ្លងជាមួយអ្នកហៅទូរសព្ទវិទ្យុអាស៉ីសេរី​ទេ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ ស្ថិតក្នុងភូមិសាស្ត្រចំនួន ០៣ រួមមាន៖

* ទី១. ចំណុចផ្សារក្រមួន ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប
* ទី២. ខាងមុខវត្តបាក់ខែង និង
* ទី៣. ខាងមុខអនុវិទ្យាល័យ ចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅថ្ងៃដដែលនេះ ទូរសព្ទរបស់លោកអភិបាលរាជធានីភ្នំពេញ ត្រូវបានហៅចូល ដែលអ្នកហៅចូលបានបញ្ជាក់ថា ជាវិទ្យុអាស៊ីសេរី។ លោកមិនបានឆ្លើយឆ្លងជាមួយអ្នកហៅទូរសព្ទចូលនោះទេ ព្រោះអាស៊ីសេរី​ មិនបានចុះបញ្ជីជាអង្គភាព សារព័ត៌មាននៅកម្ពុជាឡើយ និងបង្កាច់បង្អួចខុសពីការពិត ហើយវិទ្យុមួយនេះតែងតែផ្សព្វផ្សាយល្មើសនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៕