(កំពង់ស្ពឺ)៖ អគ្គកុងស៊ុលកិត្តិយសនៃប្រទេសស៊ីប ដឹកនាំគណៈប្រតិភូប្រទេសស៊ុយអែត និងប្រទេសម៉ិកស៉ិកនាំយកនូវថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនគណៈគ្រប់គ្រងសាលាដូង ស្ថិតនៅឧទ្យានជាតិភ្នំគិរីរម្យ ក្នុងគោលដៅរួមគ្នាសម្រាប់ការអប់រំ រួមចំណែកចម្រុះជាតិសាសន៍ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

លោក អ៊ុក ឧត្តម អ្នកគ្រប់គ្រងសាលាដូង បានឲ្យដឹងថា សាលាដូងមានទស្សនវិស័យអប់រំបណ្តុះបណ្តាលធនមនុស្សដល់កុមារដែលមកពីគ្រួសារមានភាពខ្វះខាតក្នុងមូលដ្ឋាននេះ និងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានដែលជាសម្បត្តិរួមដ៏មានតម្លៃសម្រាប់មនុស្សជាតិនាពេលនេះ និងទៅអនាគត។

បច្ចុប្បន្ននេះ សាលាដូងមានសិស្សានុសិស្សជាង១៥០នាក់បាននិងកំពុងទទួលបានការបណ្តុះបណ្តាលថ្នាក់បឋមសិក្សាពីថ្នាក់ទី១ ដល់ទី៦ ហើយលើសពីនេះ ក៏មានបន្ថែមនូវការសិក្សាថ្នាក់កុំព្យូទ័រ និងភាសាអង់គ្លេសផងដែរ។

លោក សាឡា អេសា អគ្គកុងស៊ុលកិត្តិយសនៃប្រទេសស៉ីប បានសម្តែងនូវការកោតសរសើរចំពោះចក្ខុវិស័យប្រកបដោយភាពច្នៃប្រឌិតរបស់សាលា និងការយកចិត្តទុកដាក់ក្នុងការជំរុញចិត្តយុវជនតាមរយៈនិរន្តរភាពមួយនេះ និងមូលដ្ឋានគ្រឹះសម្រាប់វិធីសាស្រ្តដ៏ពិសេសរបស់ខ្លួនក្នុងការប្រែក្លាយកាកសំណល់ទៅជាឱកាសអប់រំ បានបំផុសគំនិតមនុស្សជំនាន់ក្រោយឱ្យគិតទៅមុខប្រកបដោយភាពច្នៃប្រឌិត និងការអភិរក្សបរិស្ថាន និងការរៀនសូត្រ។

លើសពីនេះទៅទៀត ឥទ្ធិពលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមជាមួយគ្នារវាងបេសកកម្មការទូត និងសាលាដូង បានបង្ហាញពីរបៀបកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលអាចលើកស្ទួយសហគមន៍ក្នុងស្រុក និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបន្តថា មូលនិធិសាលាដូងគឺជាសញ្ញា នៃក្តីសង្ឃឹម នឹងជាគំរូដ៏ល្អឥតខ្ចោះ ហើយនេះគឺជាគំរូនឹងឧទាហរណ៌យ៉ាងល្អក្នុងការលើកស្ទួយសហគមន៍ក្នុងស្រុក ដែលកាន់តែបង្ហាញពីថាមពលនៃការសហការគ្នាពីប្រជាជនទៅប្រជាជន ដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាង។ ចំពោះសម្ភារសិក្សា អង្ករ និងថវិកា ៣ លានរៀលនេះ គឺបានមកពីការចូលរួមរបស់សប្បបុរសជននៅប្រទេសអូទ្រីស, ស៊ីប, ហ្វាំងឡង់, អ៊ីតាលី, ម៉ិកស៉ិក, ន័រវែស, ប៉ូឡូញ និងស៊ុយអែត ក្នងការចូលរួមចំណែកជូននៅមូលនិធិសម្រាប់សាលាដូង (Coconut School Foundation) ហើយនេះជាកាចូលរួមច្រើនជាតិសាសន៍រួមគ្នា បង្ហាញពីការប្តេជ្ញាចិត្តក្នុងការចែករំលែកនៅការអប់រំ ក្នុងសុខសន្តិភាព និងការអភិវឌ្ឍតាមសហគមន៍៕