(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានរយៈពេល២ឆ្នាំហើយ នៃការទទួលមរណភាពរបស់ លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរត៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុនសុថា ហៅ ប៊ុនសាមហ៊ឹង ប្អូនង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ដើម្បីសម្តែងនូវការគោរពស្រឡាញ់ ចំពោះឧត្តមភរិយាជាទីស្រឡាញ់ និងមាតាជាទីគោរព ដែលបានធ្វើមរណកាលទៅកាន់របរលោកខាងមុខហើយនោះ នៅព្រឹកថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៥នេះ លោក តាន់ បញ្ញាវុធ ត្រូវជាស្វាមី លោកស្រី កូវ សុវណ្ណារិទ្ធ ត្រូវជាបុត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  អ្នកឧកញ៉ាមង្គល សោភ័ណ្ឌ គ្រីទូច លោកជំទាវ ទ្រីង៉ូវណាំ មហាសទ្ធាភិរ័ក្ខមណីសីលសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សាមលេន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ សាច់សារលោហិតជាច្រើនរូបទៀត បានប្រារព្ធពិធីបុណ្យបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនវិញ្ញណក្ខន្ធលោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរត៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ដែលបានធ្វើមរណកាលអស់រយៈពេលគម្រប់២ឆ្នាំកន្លងទៅ ដែលពិធីនេះ បានប្រារព្វធ្វើនៅប្រាង្គ ព្រះតេចិយ៍ ក្នុងបរិវេណវត្ត បទុមវតី រាជវរារាម រាជធានីភ្នំពេញ។

កម្មវិធីបុណ្យនេះបានយាងនិមន្តសម្ដេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ព្រះមង្គលមុន្នីរង្សី ហ៊ូ ឈាវនាថ ព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត និងព្រះរាជាគណៈសរុប៥ព្រះអង្គ សូត្រមន្តសមាទានសីល តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថាលោកជំទាវមហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ ប៊ុន សុថា ហៅប៊ុន សាមហ៊ឹង ប្រសូត្រនៅថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំរកា ព.ស២៥០០ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៥៧។ លោកជំទាវបានទទួលមរណភាពនៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ។

ការទទួលអនិច្ចកម្មរបស់លោកជំទាវមហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ គឺជាការបាត់បង់មួយដ៏ធំធេង នូវមាតា ជីដូន ដែលមានព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះកូនចៅ។ ថ្វីដ្បិតតែរូបកាយ និងជីវិតរបស់លោកជំទាវ បានបាត់បង់ក៏ពិតមែន តែដំបូន្មានប្រកបដោយមធុរស និងព្រហ្មវិហារធម៌ សេចក្តីល្អ និងគុណធម៌ដ៏ឧត្តុង្គឧត្តមវិសុទ្ធថ្លៃថ្លា និងគំរូនៃសេចក្តីអង់អាចក្នុងការតស៊ូជំន្នះឧបសគ្គគ្រប់បែបយ៉ាង របស់លោកជំទាវ មហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ នឹងស្ថិតនៅក្នុងការចងចាំរបស់កូនចៅ និងញាតមិត្តទាំងអស់ ឥតមានថ្ងៃបំភ្លេចបានឡើយ។

ក្នុងឱកាសពិធីបុណ្យបង្សុកូលនេះ សម្តេចអ្នកឧកញ៉ា ឯកឧត្តមលោកជំទាវ អ្នកផ្តើមបុណ្យ និងក្រុមគ្រួសារបានវេរទេយ្យវត្ថុគ្រឿងអត្ថបរិក្ខា និងបច្ច័យ ថ្វាយ និងប្រគេនសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករងទី៣ និងព្រះរាជាគណៈទាំង៥ព្រះអង្គ ប្រកបដោយសទ្ធាជ្រះថ្លាបំផុត។ កុសលផលបុណ្យដែលកើតមានក្នុងថ្ងៃនេះ សូមឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វការីជនមាតាបិតា ដែលបានចែកឋានទៅកាន់ បរលោកខាងមុខ ក្នុងនោះរួមមាន៖  វិញ្ញាណក្ខន្ធ មហាឧបាសក លីនគ្រី,អ្នកឧកញ៉ាព្រឹទ្ធ មហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី វិញ្ញាណក្ខ័ន អ្នកឧកញ៉ា មហាភក្តីសប្បុរិស ភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ជាពិសេសជូនវិញ្ញញាណក្ខន្ធលោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរត៍ ប៊ុន សុថា ដែលតម្កល់អដ្ឋិធាតុ ក្នុងប្រាង្គព្រះចេតិយ៍នេះរួមទាំងវិញ្ញាណក្ខ័ន្ធញាតិការ សាច់សារលោហិត ក្នុងសង្សា រវដ្តទាំងអស់ អញ្ជើញមកទទួលយកមនុញ្ញផល ដែលសម្តេច,អ្នកឧកញ៉ា,ឯកឧត្តម,លោកជំទាវ ឧទ្ទិសជូនក្នុងពេលនេះនិបានសោយសុខក្នុងឋានដ៍ខ្ពង់ខ្ពស់និងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

តាមរយៈអំណាចនៃផល្លានិសង្ឃ កើតចេញពីពិធីបុណ្យ បំង្សុកូលនេះ សម្តេចព្រះសង្ឃនាយក និងព្រះរាជាគណៈគ្រប់ព្រះអង្គសូមលើកថ្វាយគុណបុណ្យ ព្រះរតនត្រៃ និងវត្ថុសក្តិសិទ្ធក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់រក្សានិងប្រោសព្រហ្ម ប្រសិទ្ធីពរជ័យ សិរីមង្គល គ្រប់ប្រការ ជូនសម្តេចអគ្គមហាសរនាបតីតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីស្ថិតនៅជាម្លប់ដ៍ត្រជាក់សម្រាប់កូនចៅជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត ជាពិសេសដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ និងស្ថិតនៅជាគ្រឹះដ៍រឹងមាំក្នុងការថែរក្សា ការពារសុខសន្តិភាពជាយូរអង្វែងតរៀងទៅ៕