(ភ្នំពេញ)៖ លោក ម៉ារ តាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា ការបង្កកជំនួយសម្រាប់ USAID ពីសំណាក់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្ករផលប៉ះពាល់ដល់បណ្ដាអង្គការសង្គមស៊ីវិលនៅជុំវិញពិភពលោក ក៏ដូចជាប្រជាពលរដ្ឋជាច្រើនទៀត ដែលទទួលបានផលពីគម្រោងនេះផងដែរ។

ការលើកឡើងរបស់លោក ម៉ារ យ៉ាររិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «ពិភពលោកប្រែប្រួលអ្វីខ្លះក្រោយ លោក ដូណាល់ ត្រាំ ចូលកាន់តំណែងប្រធានាធិបតីអាមេរិក រយៈពេល២សប្តាហ៍មកនេះ»?

ក្រោយប្រកាសពីការបង្កកជំនួយរយៈពេល៣ខែបណ្ដោះអាសន្នសិននោះ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Musk ដែលត្រូវបានលោក ត្រាំ ចាត់តាំងឱ្យទទួលបន្ទុកដឹកនាំ កិច្ចប្រឹងប្រែងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលអាមេរិក បានលើកឡើងថា ទីភ្នាក់ងារ USAID គឺលែងអាចស្រោចស្រង់បានហើយ ហើយលោក ត្រាំ បានគាំទ្រឱ្យបិទទីភ្នាក់ងារនេះចោលតែម្តង។

កាលពីថ្ងៃអាទិត្យកន្លងទៅ Reuters ទើបតែរាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានបណ្តេញមន្រ្តីសន្តិសុខកំពូល២រូប នៅ USAID ក្រោយពីពួកគេបានព្យាយាមរារាំង ក្រុមអ្នកតំណាងមកពីស្ថាប័នប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE របស់លោក Musk មិនឱ្យចូលទៅកាន់ផ្នែកត្រូវបានហាមឃាត់ នៃអគាររបស់ USAID។

គួរបញ្ជាក់ថា USAID គឺជាអ្នកបរិច្ចាគជំនួយធំជាងគេបង្អស់ នៅលើពិភពលោក។ កាលពីក្នុងឆ្នាំសារពើពន្ធ២០២៣ សហរដ្ឋអាមេរិក បានចំណាយថវិកា៧២ពាន់លានដុល្លារ ក្នុងការផ្តល់ជំនួយនៅទូទាំងពិភពលោក ដែលរាប់ចាប់តាំងពីសុខភាពស្រ្តី នៅតាមតំបន់ដែលមានជម្លោះ ការទទួលបានទឹកស្អាត កិច្ចប្រឹងប្រែងព្យាបាលជំងឺ HIV/AIDS រហូតដល់សន្តិសុខថាមពល និងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ USAID បានផ្តល់នូវ៤២% នៃជំនួយមនុស្សធម៌ទាំងអស់ ដែលត្រូវបានតាមដានដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០២៤ ហើយមានបុគ្គលិកច្រើនជាង ១០,០០០នាក់។ លោក ត្រាំ បានចេញបញ្ជាឱ្យផ្អាកជាសកល នូវជំនួយបរទេសអាមេរិកស្ទើរតែទាំងអស់ ក្រោមគោលនយោបាយ America First របស់លោក។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថាតើ ប្រសិនជា USAID បន្ទាប់ពីបង្កក ហើយត្រូវបានបិទពិតប្រាកដមែននោះ នឹងបង្កផលប៉ះពាល់កម្រិតណា សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖