(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីកិច្ចអន្តរាគមន៍ទឹក ដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករឆ្នាំ២០២៥ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក និងលោក លោកស្រី អគ្គាធិការរង អគ្គនាយករង និងប្រធានមនី្ទរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា កិច្ចការអន្តរាគមន៍ទឹកគឺជារឿងបន្ទាន់ ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានណែនាំឱ្យក្រសួង ស្ថាប័នទាំងអស់ចុះអន្តរាគមន៍ទឹកនៅគ្រប់ខេត្តក្រុង ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុនេះ ជាពិសេស ក្រសួងធនធានទឹក និងឧតុនិយមដែលជាក្រសួងបច្ចេកទេសជំនាញ ត្រូវដើរតួនាទីចម្បងក្នុងការអន្តរាគមន៍ ដោយមានការចូលរួមសហការគាំទ្រស្អិតរមួតពីក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យទទួលបានជោគជ័យ។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា កន្លងមកនេះ ក្នុងកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើអន្តរាគមន៍នៅតាមទីតាំងនានាទូទាំងប្រទេស។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចប្រជុំបន្ទាន់ថ្ងៃនេះ គឺដើម្បីឱ្យមន្ទីរ និងក្រុមការងារទាំងអស់ ជាពិសេសប្រធានសម្របសម្រួលការងារធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត បន្តបង្កើនកិច្ចសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការចុះអន្តរាគមន៍ទឹក ហើយធ្វើយ៉ាងណាឱ្យមានការឯកភាពគ្នាលើរបាយការណ៍តួលេខរួមតែមួយ ដើម្បីធ្វើការផ្សព្វផ្សាយ និងធ្វើការបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់រវាងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការចុះអន្តរាគមន៍ទឹកឱ្យបានសកម្មផុលផុស៕