(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្នើដល់អ្នកបើកបរ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមធ្វើជាដៃគូក្នុងការទប់ស្កាត់ និងកាត់បន្ថយចរាចរណ៍ផ្លូវគោក។
តាមរយៈកិច្ចសម្ភាសជាមួយបណ្ដាញសារព័ត៌មាន Fresh News លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ១៤% នេះបានឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតី នៃការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋខ្មែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយត្រី ថី វិសាល បានបន្តថា ការប្រឹងប្រែងទប់ស្កាត់របស់សមត្ថកិច្ចមួយមិនគ្រប់គ្រាន់នោះទេ ក្នុងការទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែលប្រជាពលរដ្ឋ និងយាន្តជំនិះមានការកើនឡើងតម្រូវឲ្យអ្នកបើកបរ បើកដោយមានការទទួលខុសត្រូវខ្បស់ ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍។
សូមជម្រាបថា តាមទិន្ន័យដែលប្រមូលបាននៅទូទាំងប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ បានមើលឃើញថា តួលេខនៃការគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ប្រមាណ១៤% ក្នុងនោះគឺមាន ២៨៤៤ករណី លើ ៣៣១៧ករណី ដែលតួលេខនេះមានការថយចុះរហូតជិត ៥០០ករណី។ នៅក្នុង ២៨៤៤ ករណីនោះមានគ្រោះថ្នាក់ដែលបង្កឲ្យស្លាប់ចំនួន ១៥០៩នាក់ លើ១៥៩០នាក់ គឺមានការថយចុះចំនួន ៨១នាក់ ស្មើប្រមាណ៥% ក្រៅពីនេះមានអ្នករងរបួសទាំងធ្ងន់និងស្រាលចំនួន ៣៧២០ លើ៤៥១៥នាក់ ថយចុះ ៧៩៥នាក់ ស្មើប្រមាណ១៩% បើធៀបនឹងឆ្នាំ២០២៣។
ជាមួយគ្នានេះ លោកអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា សមត្ថកិច្ចនឹងបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងមានវិធានការយ៉ាងតឹងរឹង ចំពោះអ្នកដែលបើកបរល្មើសច្បាប់ ដោយមានការពិន័យដកពិន្ទុ អប់រំណែនាំជាដើម ជាពិសេសនឹងរឹតបន្តឹងនៅត្រង់ចំណុចគោលដៅដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើន។
ទន្ទឹមគ្នានេះ លោកឧត្ដមសេនីយ៍ត្រី ថី វិសាល ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើជាដៃគូក្នុងការទប់ស្កាត់ និងកាត់បន្ថយចរាចរណ៍ផ្លូវគោក ជាពិសេសគឺប្រជាពលរដ្ឋទាំងអស់ ការចូលរួមទាំងអស់នេះនឹងអាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត៕