(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានទទួលជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូថៃ ដែលដឹកនាំដោយលោក ផារិនយ៉ា ភូធិសាត់ (H.E. ParinyaPhuthisat) អភិបាលខេត្តស្រះកែវរបស់ថៃ ដើម្បីអនុវត្តសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង២ (ប៉ៃលិន-ស្រះកែវ) ឲ្យបានកាន់តែល្អប្រសើរឡើង ដោយឆ្លើយតបទៅនឹងសក្តានុពល និងបម្រើឲ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។

ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានស្វាគមន៍យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តស្រះកែវ ដែលបានអញ្ជើញមកខេត្តប៉ៃលិន ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២។

ជាក់ស្តែងនាពេលកន្លងមកខេត្តប៉ៃលិន និងខេត្តចាន់បុរី បានសហការគ្នាយ៉ាងល្អលើវិស័យមួយចំនួន ដូចជា៖ ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ១៩, បញ្ហាពលករឆ្លងដែនខុសច្បាប់, ការទប់ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិជកម្មឆ្លងដែន, ផ្តល់កិច្ចសហការសម្រួលដល់អ្នកជំងឺខ្មែរដែលទៅព្យាបាលនៅប្រទេសថៃ ដោយមិនគិតពីពេលវលា ជាពិសេសការនាំចេញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ប្រទេសថៃ។

លោកស្រីអភិបាលខេត្ត បានសំណូមពរដល់សមភាគីថៃ ខេត្តស្រះកែវ គាំទ្រវិស័យឯកជននៃខេត្តទាំងពីរ ដើម្បីធ្វើពាណិជ្ជកម្មជាមួយគ្នាកាន់តែខ្លាំងឡើង ដូចជា ការផ្លាស់ប្តូរព័ត៌មានវិនិយោគពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលសហគមន៍ (OTOP) យ៉ាងតិចពីរដងក្នុងមួយឆ្នាំ ដោយប្តូរវេនធ្វើជាម្ចាស់ផ្ទះគាំទ្រស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល និងឯកជន នៃប្រទេសទាំងពីរ។ សហការជំរុញ និងសម្រួលពាណិជ្ជកម្ម និងវិនិយោគ នៅជាប់ព្រំដែន ហើយសម្រាប់អ្នកកាន់ប័ណ្ណលិខិតឆ្លងដែន (Border Pass) ដូចជា អ្នកទេសចរ ឬកម្មករ អាចធ្វើដំណើរ ឆ្លងកាត់ព្រំដែនខេត្ត ដូចជាកម្មករមកពីខេត្តច័ន្ទបុរី អ្នកអាចធ្វើដំណើរឆ្លងដែនទៅធ្វើការនៅខេត្តស្រះកែវ។

ជាការឆ្លើយតបលោក ផារិនយ៉ា ភូធិសាត់ (H.E. Parinya Phuthisat) បានសន្យាខិតខំបង្កើនកិច្ចសហប្រតិបត្តិការល្អ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហា១ចំនួនទៀត លោកបានសន្យាថា នឹងនាំយកនូវរាល់សំណូមពរ ធ្វើការពិភាក្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឲ្យបានកាន់តែល្អប្រសើឡើង ក្នុងនាមជាខេត្តសម្ព័ន្ធមេត្រីភាព។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំខេត្តទាំងពីរ ក៏បានប្តេជ្ញាគាំទ្រសហការគ្នាលើវិស័យអប់រំជំនាញ និងកីឡា រួមទាំងវិស័យទេសចរណ៍រវាងខេត្តទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងទំនាក់ទំនងសាធារណៈ នៃតំបន់ទេសចរណ៍ក្នុងខេត្ត ដោយផ្សព្វផ្សាយ និងគាំទ្រការតាំងពិព័រណ៍សិល្បៈ និងវប្បធម៌ខេត្តទាំងពីរ ដោយប្តូរវេនធ្វើជាម្ចាស់ផ្ទះតាមពេលវេលាសមស្របណាមួយ៕