(ក្រចេះ)៖ ការដាំឈើ (ដើមប្រេងខ្យល់) នៅស្រុកសំបូរ ខេត្តក្រចេះ បានប្រមូលផលជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ ខណៈដែលការវិនិយោគលើវិស័យនេះ ក៏បាននិងកំពុងរួមចំណែកជួយដល់វិស័យបរិស្ថាន សេដ្ឋកិច្ច និងបង្កើតការងារជាប្រចាំជូនប្រជាពលរដ្ឋក្នុងសហគមន៍។

ហូលី ផ្លេនថេសិន អតីតក្រុមហ៊ុនស៊ីងបាយអូថេក ដែលទទួលបានសិទ្ធិអនុញ្ញាតពីរាជរដ្ឋាភិបាល កំពុងវិនិយោគលើការដាំឈើ នៅស្រុកសំបូរ ខេត្តក្រចេះ ដែលគិតត្រឹមដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុនបានដាំកូនឈើប្រភេទប្រេងខ្យល់ និងឈើមួយចំនួនទៀតបានប្រមាណជាង១,៣ម៉ឺនហិកតា ហើយកំពុងពង្រីកលើការដាំដើមប្រេងខ្យល់នេះបន្តទៀត។

ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News នាចុងសប្តាហ៍កន្លងទៅនេះ លោក សាន់ សុខហៀង តំណាងក្រុមហ៊ុនឈើដាំខាងលើ បានឱ្យដឹងថា ដំណាំឈើនេះ កំពុងប្រមូលផលជាបន្តបន្ទាប់។ លោកបានបន្តថា ពាក់ព័ន្ធនឹងចម្ការឈើដាំនេះ គឺដំបូងឡើងក្រុមហ៊ុនកូរ៉េចាប់ផ្តើមដាំឈើតាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៨ ដោយបានដាំនៅលើផ្ទៃដីជាង៤៣០០ហិកតា ហើយពេលក្រុមហ៊ុននោះជួបបញ្ហាប្រឈម ក៏ផ្ទេរភាគហ៊ុនមកឱ្យកម្ពុជាគ្រប់គ្រង ហើយក្រុមហ៊ុនរបស់លោកក៏បានចាប់ផ្តើមចូលកាន់កាប់នៅឆ្នាំ២០១៩ ដោយបន្តពង្រីកការឈូសឆាយ និងដាំឈើបន្ថែម ជាមួយនឹងការប្រមូលផល នៅលើចម្ការចាស់ ដែលក្រុមហ៊ុនកូរ៉េបានដាំតាំងពីឆ្នាំ២០១៣នោះ។

លោកបានបញ្ជាក់បន្ថែមថា បន្ទាប់មក នៅឆ្នាំ២០១៩ ក្រុមហ៊ុនបានដាំឈើបន្តបានប្រមាណ៧២០ហិកតា ហើយឆ្នាំ២០២០ ក្រុមហ៊ុនបន្តដាំបាន ១៨០៨ហិកតាទៀត ឆ្នាំ២០២១ ក្រុមហ៊ុនបានបន្តដាំលើផ្ទៃដីសរុប៦៨០០ហិកតា, ឆ្នាំ២០២២ ក្រុមហ៊ុនបានបន្តដាំលើផ្ទៃដី២០០០ហិកតា ឆ្នាំ២០២៣ ដាំបន្តបាន ២១០២ហិកតា និងឆ្នាំ២០២៤ បានបន្តដាំ៥០០ហិកតាបន្ថែមទៀត ហើយរហូតដល់បច្ចុប្បន្ននេះ គឺក្រុមហ៊ុនដាំបាននៅលើផ្ទៃសរុបទាំងអស់ ១៣៨៣០ហិកតា។

ឈើដាំមានដូចជាដើមប្រេងខ្យល់ ​និងអាកាស្យាជាដើម គឺជាឈើចាំបាច់ សម្រាប់ប្រើប្រាស់កែច្នៃក្នុងតម្រូវការគ្រឿងសង្ហារឹមទំនើប ការផលិតជាក្តាបន្ទះ (កុងផ្លាកេ) និងរបស់របរមួយចំនួនទៀត។ កម្ទេចដែលចេញពីការកែច្នៃឈើដាំទាំងនេះក៏ត្រូវបានយកទៅកែច្នៃបន្តជាធ្យូងអនាម័យ ជាជីកសិកម្មថែមទៀត។ ការវិនិយោគលើការដាំឈើនេះ ត្រូវការចំណាយពេល៥ឆ្នាំ ទើបកាត់ប្រមូលផលបាន។ ប៉ុន្តែពេលខ្លះ ក៏ត្រូវបង្ខំចិត្តប្រមូលផលមុនពេលកំណត់ ដើម្បីបំពេញតម្រូវការទីផ្សារ។

ការវិនិយោគលើការដាំឈើ បានចូលរួមចំណែកជួយបង្កើតការងារដល់ប្រជាពលរដ្ឋសហគមន៍យ៉ាងតិច៧០០នាក់នៅខេត្តក្រចេះ។ ការងារដាំឈើនេះ បានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់វិស័យបរិស្ថាន និងសេកិច្ច ដោយបានធ្វើប្រជាពលរដ្ឋក្នុងសហគមន៍ ងាកចេញពីការកាប់ឈើធម្មជាតិ បរបាញ់សត្វ ហើយមកធ្វើការងារដាំឈើជំនួសវិញ។

លោក សាន់ សុខហៀង បានឱ្យដឹងថា ទោះបីជាចម្ការឈើដាំនៅស្រុកសំប​ូរ ខេត្តក្រចេះនេះ បានបង្កើនការដាំឈើបានជាង១,៣ម៉ឺនហិកតា ក៏ដោយ ក៏ចំនួននេះនៅមិនទាន់គ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការកែច្នៃនៅឡើយនៅលើទីផ្សារនៅឡើយទេ។ ត្រង់ចំណុចនេះ លោកបានអំពាវនាវដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងស្ថាប័នពាក់ព័ន្ធ ជួយសម្របសម្រួល និងជំរុញការដាំឈើឱ្យបានកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការ និងកំណើនប្រជាជន។

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ក៏បានថ្លែងដែរថា ក្រសួងកសិកម្ម នឹងបន្តខិតខំបណ្ដុះកូនឈើ ដើម្បីដាំជាចម្ការឈើ និងចែកចាយជូនដល់ប្រជាពលរដ្ឋ ជំនួសឱ្យការប្រើប្រាស់ឈើពីធម្មជាតិ។ លោកបានបន្តថា នៅក្នុងអនុវិស័យព្រៃឈើ ក្រសួងបានកំពុងបន្តខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការទន្រ្ទានកាន់កាប់ដីព្រៃផងដែរ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះថា «ក្រសួងបានខិតខំបន្តបណ្ដុះកូនឈើ ដើម្បីដាំជាចម្ការឈើ និងចែកចាយជូនដល់ប្រជាពលរដ្ឋ ដូចជាជម្រុញការដាំឈើនៅទីធ្លាសាធារណៈ និងទីវាល ដើម្បីបង្កើនគម្របព្រៃឈើ ក្នុងការទទួលបានឈើមកប្រើប្រាស់ ជំនួសលើការពឹងផ្អែកទាំងស្រុងទៅលើឈើធម្មជាតិ»