(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា រាជរដ្ឋាភិបាលមិនដែលបានណែនាំឱ្យសេវាករទទួលសិទ្ធិផ្គត់ផ្គង់ថាមពលអគ្គិសនី ទៅយកថវិកាក្រៅផ្លូវការនោះទេ ហើយក្នុងឆ្នាំ២០២៥នេះ ត្រូវតែសម្អាតឱ្យអស់ ចំពោះសេវាករផ្គត់ផ្គង់ថាមពលអគ្គិសនី ណាដែលយកសេវាខុសពីគោលការណ៍ និងសេវាករណាដែលតម្រូវឱ្យអតិថិជនទិញសម្ភារ និងឧបករណ៍ខ្លួន ខុសពីអាជ្ញាបណ្ណដែលទទួលបានពីរាជរដ្ឋាភិបាល។

ការព្រមានបែបនេះ របស់លោករដ្ឋមន្ត្រី កែវ រតនៈ បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លោករដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា សូមកុំភ្លេចថានៅក្នុងពេល ដែលរាជរដ្ឋាភិបាលប្តូរផ្តាច់ មិនធ្វើជាតូបនីយកម្ម មានន័យថា មិនប្រមូលយកសេវាកម្មអគ្គិសនីមកធ្វើដោយខ្លួនឯងទាំងអស់ ឬមួយដាក់ក្រោមអគ្គិសនីកម្ពុជានោះទេ ប៉ុន្តែក៏ត្រូវទាមទារការទទួលខុសត្រូវពីអ្នកកាន់សេវាករអគ្គិសនីទាំងអស់ផងដែរ។ ពីព្រោះសេវាកម្មអគ្គិសនី គឺជាសេវាកម្ម ដែលរាជរដ្ឋាភិបាល បានប្រគល់សិទ្ធិដល់អ្នកកាន់អាជ្ញាបណ្ណទាំងអស់ ដើម្បីធ្វើការផ្គត់ផ្គង់ និងចែកចាយអគ្គិសនី ជួសមុខឱ្យរាជរដ្ឋាភិបាល តាមរយៈភាពជាដៃគូ អាជ្ញាបណ្ណ ឬសេចក្តីប្រកាសរបស់ក្រសួង។

លោករដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាល មិនដែលបានណែនាំឱ្យទៅយកលុយក្រៅផ្លូវការនោះទេ ក្នុងឆ្នាំ២០២៥នេះ ត្រូវតែសម្អាតការខ្វះខាតដែលនៅមានតិចតួច ក្នុងប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់កម្ពុជា ត្រូវតែសម្អាតទាំងអស់នូវការយកសេវាក្រៅដែលខុសគោលការណ៍ […] ឧទាហរណ៍ការតម្រូវឱ្យគេទិញសម្ភារពីខ្លួនឯង ទិញខ្សែពីខ្លួនឯង ដែលខុសពីគោលការណ៍កំណត់របស់អាជ្ញាធរ»

បន្ថែមពីនេះ លោក កែវ រតនៈ ក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរតាមមើលកិច្ចការងារនេះ ប្រសិនបើជាសេវាករណាមួយមិនកែលម្អ ស្នើសុំដកអាជ្ញាបណ្ណ។

លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថា សេវាកម្មបម្រើប្រជាពលរដ្ឋ គឺជាទិសដៅដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ ដែលបានដាក់ការប្តេជ្ញាចិត្តផ្នែកនយោបាយ ដើម្បីធ្វើយ៉ាងណាឱ្យការងារបម្រើសេវា ជូនប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០២៥ បានល្អ។

«យើងមិនយករបៀបនេះមកជជែកដដែលៗទេ ការយកលុយលើស ការកៀបគេ រឿងសម្ភារ ឧបករណ៍ខុសនីតិវិធីនេះ ជាបញ្ហាដែលនឹងត្រូវដោះស្រាយ មិនចាំបាច់លើកដដែលៗទេ បើល្មើសច្រើនដងមិនស្តាប់ (សេវាករផ្គត់ផ្គង់អគ្គិសនី) ស្នើសុំនីតិវិធីដកអាជ្ញាបណ្ណ ដោះស្រាយផលប៉ះពាល់ ហើយបញ្ជូនអគ្គិសនីកម្ពុជា ទៅប្រតិបត្តិការទីតាំងដែលត្រូវដកអាជ្ញាបណ្ណតែម្តង ដើម្បីធ្វើយ៉ាងណាកុំឱ្យដាច់ចរន្តអគ្គិសនី ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនោះទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

បើតាមលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានដាក់ផែនការ បន្តសហការជាមួយក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា និងអ្នកផ្គត់ផ្គង់ឯកជន ក្នុងការអនុវត្តគោលនយោបាយអន្តរកាលថាមពលកម្ពុជា ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដែលមានអភិក្រមចំនួន៤ គឺ៖១-បង្កើនថាមពលស្អាត ប្រសិទ្ធភាពថាមពល និងភាពគ្រប់គ្រាន់, ២-រក្សាថ្លៃសមរម្យស្របតាមថ្លៃនៃធាតុចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល, ៣-បង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ និងធ្វើទំនើបកម្មការផ្តល់សេវា, ៤-បង្កើនការផ្គត់ផ្គង់ប្រកបដោយសមធម៌រវាងតំបន់ទីក្រុង និងជនបទ។

ជាមួយគ្នានេះ សហការជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ដើម្បីតាមដាន និងវាយតម្លៃជាប្រចាំនូវអាទិភាពគន្លឹះទាំង៥ រួមមាន៖ ១-បញ្ហាការដាច់ចរន្តអគ្គិសនី, ២-បញ្ហាគុណភាពនៃការផ្គត់ផ្គង់លើប្រព័ន្ធបណ្តាញជាតិបញ្ជូនអគ្គិសនី, ៣-បញ្ហាការផ្តល់សេវាពាក់ព័ន្ធផ្សេងៗដល់អតិថិជនរបស់សហគ្រាសរដ្ឋ និងឯកជន, ៤-បញ្ហាការបង់កម្រៃសេវាក្រៅផ្លូវការ និង ៥-បញ្ហាការពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការផ្តល់សេវានានា៕