(ភ្នំពេញ)៖ នៅក្នុងឱកាសជំនួបរវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ONN Shaharuddin ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ភាគីទាំងពីរ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ជាមួយគ្នាប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាស ដោយសំណល់ប្លាស្ទិក។
នាឱកាសនោះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះប្រទេសម៉ាឡេស៊ី និងប្រជាពលរដ្ឋ ម៉ាឡេស៊ីទាំងអស់ ដែលបានយកចិត្តទុកដាក់រួមគ្នា សំអាតនូវប្រភពបំពុលទៅក្នុងបរិយាកាស សម្រាប់តំបន់ និងសម្រាប់មនុស្សជាតិ។
លោករដ្ឋមន្រ្តី បានជំរុញឱ្យការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល តាមរយៈការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក និងការទប់ស្កាត់ ការបង្ហូរសំរាមប្លាស្ទិកទៅក្នុងទឹក និងនៅលើដី រួមទាំងក្នុងបរិយាកាស។
នៅក្នុងផងនោះ គឺសំរាមប្លាស្ទិកនេះឯង ហើយសកម្មភាពរួមគ្នារបស់ប្រទេសទាំង២ នឹងធ្វើឱ្យតំបន់អាស៊ានរបស់យើងមានភាពស្អាត មានសោភ័ណភាព លើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយនូវជំងឺដង្កាត់នានា ជាពិសេសទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកកម្សាន្ត នៅតាម របៀងទេសចរណ៍ ផ្សារភ្ជាប់ពីប្រទេសមួយ ទៅប្រទេសមួយទៀតនៅក្នុងតំបន់។
ស្របនឹងការថ្លែងឡើងនេះ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានគាំទ្រនឹងរួមចំណែកជាមួយកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីលើកកម្ពស់ វិស័យបរិស្ថាន ឈានឆ្ពោះទៅកាន់ភាពស្អាត ភាពបៃតង ដោយចីរភាពនៅក្នុងតំបន់៕