(ភ្នំពេញ)៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន២,៨៤៤ករណី ដោយបានបង្កឲ្យមានមនុស្សស្លាប់ ចំនួន១,៥០៩នាក់។ បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ បានថយចុះប្រមាណចំនួន ១៤% បើធៀបនឹងឆ្នាំ២០២៣។
ឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងកិច្ចសម្ភាសជាមួយ បណ្ដាញព័ត៌មាន Fresh News បានបញ្ជាក់ឱ្យដឹងថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ កងកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ខិតខំរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីកាត់បន្ថយ និងទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រហូតទទួលបានលទ្ធផលល្អ។
លោកឧត្ដមសេនីយ៍ត្រី បានបន្តថា តាមទិន្ន័យដែលប្រមូលបាននៅទូទាំងប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ បានមើលឃើញថា តួលេខនៃការគ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ១៤% ក្នុងនោះគឺមាន ២,៨៤៤ករណី លើ៣,៣១៧ករណី ដែលតួលេខនេះមានការថយចុះរហូតជិត៥០០ករណី។ នៅក្នុង ២,៨៤៤ករណីនោះ មានគ្រោះថ្នាក់ដែលបង្កឲ្យស្លាប់ចំនួន ១,៥០៩នាក់ លើ១,៥៩០នាក់ គឺមានការថយចុះចំនួន៨១នាក់ ស្មើប្រមាណ៥% ក្រៅពីនេះមានអ្នករងរបួសទាំងធ្ងន់និងស្រាលចំនួន ៣,៧២០ លើ៤,៥១៥នាក់ ថយចុះ ៧៩៥នាក់ ស្មើប្រមាណ១៩% បើធៀបនឹងឆ្នាំ២០២៣។
ជាមួយគ្នានេះ លោកអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា សមត្ថកិច្ចនឹងបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងមានវិធានការយ៉ាងតឹងរ៉ឹង ចំពោះអ្នកដែលបើកបរល្មើសច្បាប់ ដោយមានការពិន័យដកពិន្ទុ អប់រំណែនាំជាដើម ជាពិសេសនឹងរឹតបន្តឹងនៅត្រង់ចំណុចគោលដៅដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើន។
ទន្ទឹមគ្នានេះ លោកឧត្ដមសេនីយ៍ត្រី ថី វិសាល ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើជាដៃគូក្នុងការទប់ស្កាត់ និងកាត់បន្ថយចរាចរណ៍ផ្លូវគោក ជាពិសេសគឺប្រជាពលរដ្ឋទាំងអស់ ការចូលរួមទាំងអស់នេះនឹងអាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត៕
សូមទស្សនាកិច្ចសម្ភាសទាំងស្រុងរវាង កញ្ញា មុត សូវីរីន និងលោកឧត្ដមសេនីយ៍ត្រី ថី វិសាល ដូចតទៅ៖