(ភ្នំពេញ)៖ វិស្វករខ្មែរ បានបង្កើតដោយជោគជ័យនូវកម្មវិធីផ្ញើសារ CoolApp ដែលដូចគ្នានឹងប្រព័ន្ធ WhatsApp របស់សហរដ្ឋអាមេរិក ឬ ប្រព័ន្ធ WeChat របស់ចិន ឬប្រព័ន្ធ Telegram របស់រុស្ស៊ី ដោយការនិយាយតាមទូរស័ព្ទ ឬ Video Call ក្តី ត្រូវបានអ្នកជំនាញបញ្ជាក់ថាប្រព័ន្ធរបស់ខ្មែរបង្កើតនេះ មានសុវត្ថិភាព និងរូបភាពច្បាស់គួរឱ្យទុកចិត្ត។
កម្មវិធីផ្ញើសារ CoolApp បង្កើតដោយកូនខ្មែរជាលើកដំបូងនេះ បានស្របតាមរបត់ដាក់ចេញជាអាទិភាពនៃចំណុចគន្លឹះធំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយក្រោមចំណងជើងថា «កម្មវិធីផ្ញើសារ CoolApp គឺជាមោទនភាពជាតិ» !
ប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធិផលថ្មីមួយទៀត ក្នុងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាជាមួយនឹងការបង្កើត CoolApp ដែលជាវេទិកាឌីជីថលឈានមុខគេ និងដែលត្រូវបានរចនាឡើងដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ សមិទ្ធិផលនេះឈរជាប្រភពនៃមោទនភាពជាតិ ដោយបង្ហាញពីជំនាញដែលកំពុងរីកចម្រើនរបស់ប្រទេសក្នុងការផ្លាស់ប្តូរឌីជីថល និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
CoolApp មិនត្រឹមតែជាដំណោះស្រាយបច្ចេកវិទ្យាក្នុងស្រុកប៉ុណ្ណោះទេ, CoolApp កំពុងឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជាអ្នកដឹកនាំក្នុងសេដ្ឋកិច្ចឌីជីថល និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធជាតិរបស់ខ្លួននៅក្នុងពិភពលោក ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងមានប្រសាសន៍ជារឿយៗជំរុញឱ្យប្រជាជនកម្ពុជាទាំងអស់ ទាញយកនិងប្រើប្រាស់កម្មវិធី CoolApp ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីមុខងាររបស់វា។
ក្នុងប្រសាសន៍បញ្ជាក់សាជាថ្មីក្នុងមហាសន្និបាតគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះការប្រើប្រាស់ CoolApp និងថែមទាំងបានណែនាំដល់ស្ថាប័នចំណុះគណបក្ស សមាជិកគណបក្សទាំងអស់ សូមងាកមកប្រើប្រាស់កម្មវិធីទំនាក់ទំនង CoolApp នេះវិញ ដែលជាស្នាដៃបង្កើតដោយកូនខ្មែរ ផ្ដល់នូវសុវត្ថិភាពខ្ពស់ សន្តិសុខ និងជាតិនិយម៖
«ដោយសារយើងមានប្រព័ន្ធទំនាក់ទំនងផ្ទាល់របស់កម្ពុជា CoolApp ខ្ញុំសូមស្នើឱ្យគ្រប់ស្ថាប័ន និងបណ្ដាខេត្ត/រាជធានី គឺ Download CoolApp ប្រើប្រាស់វាសុវត្ថិភាព ជាងការដែលយើងប្រើប្រាស់របស់គេ បើមាន CoolApp គឺយើងនឹងប្រើប្រាស់ទៅជាប្រព័ន្ធរបស់យើងផ្ទាល់ នេះជាមោទនភាពរបស់ខ្មែរ។ ហើយដែលខ្ញុំប្រើនៅក្នុងរយៈពេលកន្លងទៅ បើសិនជាយើងត្រូវធ្វើការហៅគ្នាតាម Video Call គឺប្រើ Internet តិចណាស់ ប្រៀបធៀបជាមួយ WhatsApp, Telegram ឬ Line គឺប្រើតិចណាស់។
មួយទៀត គឺអត់មានរូបភាពអី នៅវិលខ្ញាល់នៅហ្នឹងទេ គឺបញ្ជូនទៅហើយខ្ញុំសាកល្បង Download ថ្ងៃមុននោះ ខ្ញុំសាកល្បងដោយសារវាយកូនហ្គោលហើយ ខ្ញុំមានរូប១០៦សន្លឹក, ខ្ញុំ Forward ទៅមនុស្សចំនួន៤២នាក់ គឺទៅទាំងអស់។ ម្សិលមិញខ្ញុំសួរទៅ វុត្ថា ថាអាចបញ្ជូនបាន ៥០នាក់ម្ដង បើប្រៀបធៀបជាមួយ Telegram, Telegram បានរូបភាពច្រើន ប៉ុន្តែបញ្ជូនម្ដងបានតែម្នាក់ទេ, ឯ WhatsApp បញ្ជូនម្ដងបានតែ ៣០រូប និងបញ្ជូនបានតែ៥នាក់ទេ ប៉ុន្តែ CoolApp អត់មានកំណត់រូបភាពប៉ុន្មានប៉ុន្តែមនុស្សបាន ៥០នាក់។
អញ្ចឹងជាប្រព័ន្ធមួយលឿន ហើយសូមស្នើឱ្យចងក្រងជា Group ដែលយើងធ្លាប់ប្រើ Group Telegram, Group WhatsApp ក៏សូមឱ្យប្រើជា Group CoolApp មួយទៀត។ ព្រោះបម្រុងទុក កាលណាដែលមានគាំងនៅខាងក្រៅ ឬការលួចពីខាងក្រៅ គឺយើងពិបាក អីចឹងទាន់មានរបស់យើង យើងប្រើរបស់យើងទៅវាល្អ។ អីចឹងសូមឱ្យបណ្ដាខេត្តមួយៗ គឺរៀបចំ។ ព្រោះបើយើងបង្កើតតែចៅហ្វាយខេត្ត អនុខេត្តខ្លួននឯង អត់ប្រើជាមួយស្រុក អត់ប្រើជាមួយឃុំ យើងមិនដឹងប្រជាមួយនរណាទេ។ អញ្ចឹងគ្រប់ទីកន្លែងជម្រុញការប្រើប្រាស់នូវ CoolApp នេះ»។
ប្រសាសន៍អំពាវនាវលើកទឹកចិត្ត និងជម្រុញការប្រើប្រាស់ CoolApp កំពុងបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នកំពូលដឹកនាំជាតិ ចំពោះការរីកចម្រើនផ្នែកឌីជីថលដែលរួមបញ្ចូលដោយការធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោលក្នុងបដិវត្តន៍ឌីជីថលនោះទេ។ ក្រោយប្រសាសន៍ អំពាវនាវរបស់សម្តេចតេជោ កំណើនអ្នកប្រើប្រាស់ប្រព័ន្ធ CoolApp បានកើនឡើងភ្លាមៗដល់ ចំនួនជិត៤០ម៉ឺននាក់។
* ជំហានឆ្ពោះទៅមុខក្នុងការផ្លាស់ប្តូរឌីជីថល
CoolApp គឺជាប្រព័ន្ធអេកូឌីជីថលដ៏ទូលំទូលាយមួយដែលគេអាចធ្វើកិច្ចការប្រាស្រ័យទាក់ទងគ្នាតាមរយៈការជជែកគ្នា Chat, តាមរយៈវីដេអូខល ឬការហៅដូចជាទូរស័ព្ទជាដើម។ ការអភិវឌ្ឍ CoolApp គឺស្របតាមចក្ខុវិស័យរយៈពេលវែងរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ឌីជីថលនីយកម្ម។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ និងមុខងារដែលងាយស្រួលប្រើ, CoolApp អនុញ្ញាតឱ្យមានអន្តរកម្មយ៉ាងរលូនរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ក្នុងការផ្តល់ព័ត៌មាន រហ័សនិងទាន់ចិត្តតាមដំណើរការលទ្ធិប្រជាធិបតេយ្យ។ វឌ្ឍនភាពនេះធានាថា កម្ពុជានៅតែប្រកួតប្រជែងក្នុងទិដ្ឋភាពឌីជីថលសកល និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនការតភ្ជាប់ និងប្រសិទ្ធភាព។
CoolApp គឺជាការផ្តួចផ្តើមរបស់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ដែលបានប្រាប់ Fresh Exclusive ពាក់ព័ន្ធនឹងការបង្កើតកម្មវិធី CoolApp នេះ៖ «ខ្ញុំអាចជម្រាបបានថា CoolApp បានប្រកាសដាក់ដំណើរការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ប្រកាសនៅតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ននេះ។ ក្រោយពីការប្រកាសភា្លមៗនោះ គឺបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាននាំគ្នា Download ប្រើប្រាស់យ៉ាងច្រើនមែនទែន ដើម្បីជាការលើកទឹកចិត្តដល់ស្នាដៃរបស់កូនខ្មែរ ដែលបានព្យាយាមបង្កើតបណ្តាញទំនាក់ទំនងសង្គមមួយរបស់ជាតិយើងតែម្តង។
ខ្ញុំអាចនិយាយបានថា CoolApp បង្កើតឡើង បានចំណាយពេលដោយក្រុមការងារខ្មែរតែម្តងដែលមានជាង១០នាក់។ ហើយយើងចាយពេលរហូតទៅដល់៣ឆ្នាំ ទើបសម្រេចនូវលទ្ធផលនេះឡើង…ហើយ CoolApp បើយើងគិតនៅក្នុងប្រទេសអាស៊ាន គឺមានតែវៀតណាម ហើយនិងកម្ពុជាយើងនោះទេ ដែលមានបណ្តាញទំនាក់ទំនងសង្គម Chat មួយប្រើប្រាស់ផ្ទាល់ខ្លួន។
ដូចជានៅវៀតណាមគឺមាន Zalo កម្ពុជាមាន CoolApp ដែលទើបដំណើរការដល់ពេលនេះជាងកន្លះឆ្នាំ ហើយនៅតាមបណ្តាប្រទេសដទៃទៀត គឺសុទ្ធតែគេមានរបស់គេ ទី១ដូចជានៅ កូរ៉េខាងត្បូងមាន KakaoTalk របស់គេ ចិនមាន WeChat, អាមេរិកមាន WhatsApp មាន Mesenger និង រុស្ស៊ីមាន Telegram ។
នៅតាមបណ្តាប្រទេសរបស់គេគឺគេមានបណ្តាទំនាក់ទំនងសង្គមរបស់គេផ្ទាល់ខ្លួនតែម្តង។ ហើយលើកនេះ គឺជាមោទនភាពរបស់កម្ពុជាតែម្តង ដែលមានបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនមួយឯករាជ្យតែម្តង។ ឧទាហរណ៍ថា នៅពេលដែលបណ្តាញទំនាក់ទំនងសង្គមរបស់អន្តរជាតិរបស់បរទេស គាំងដោយប្រការណាមួយ បិទដោយប្រការណាមួយ ពេលនោះតើយើងមានអ្វីប្រើប្រាស់? គឺមានតែបណ្តាញរបស់ជាតិយើងទេ គឺ CoolApp នេះតែម្តង។
ហើយចំណុចនេះដែលខ្ញុំសុំបញ្ជាក់ជូនបន្ថែមថា End to End Encryption ត្រូវបានបញ្ជូលទៅក្នុង CoolApp នេះតែម្តង មានន័យថាគ្មានជនណាម្នាក់អាចមើលសាររបស់យើងបានឡើយនៅពេលដែលយើងប្រើ CoolApp សូម្បីតែម្ចាស់ក្រុមហ៊ុន សូម្បីតែខ្លួនខ្ញុំផ្ទាល់ ឬ ជនណាម្នាក់ក៏មិនអាចមើលសាររបស់យើងបានទេ មានន័យថាជាប្រព័ន្ធ End to End Encryption គឺជាប្រព័ន្ធមួយដែលបំបែកពីតួអក្សរទៅជាលេខកូដទាំងអស់…គ្មាននរណាម្នាក់អាចមើលឃើញទេ ហើយនេះគឺដូចនឹងបណ្តាញទំនាក់ទំនងបរទេសដូចគ្នា ដូច WhatsApp និងដូច Telegram ។
ហើយសួរថាតើ CoolApp មានអត្ថប្រយោជន៍យ៉ាងម៉េចដល់សង្គមកម្ពុជា?
មែនទែនទៅ នៅពេលដែលជាតិមួយមានបណ្តាញទំនាក់ទំនងសង្គមខ្លួនឯង មានមោទនភាពណាស់។ យើងមានមោទនភាពពីព្រោះកូនខ្មែរយើងអាចធ្វើកិច្ចការនេះបាន សូម្បីយើងគិតមើលនៅអាស៊ានប្រទេស ១១ ទើបតែមានពីរប្រទេសនៅឡើយ គឺវៀតណាម ហើយកម្ពុជា ហើយវៀតណាមគេបានដើររហូតជាង១០ឆ្នាំ ហើយយើងទើបតែមាន…ថៃអត់ទាន់មាន Singapore ក៏អត់ទាន់មាន ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ក៏អត់ទាន់មានបណ្តាញទំនាក់ទំនងសង្គម Chat ផ្ទាល់ខ្លួននៅឡើយទេ ដោយប្រើប្រាស់របស់បរទេសនៅឡើយ។
នៅពេលនេះកម្ពុជាបានដើរមួយជំហានទៀត មកដល់ដែលហៅថាប្រើប្រាស់របស់ខ្លួនឯងប្រកបដោយសុវត្ថិភាព នៅក្នុងដែនរបស់កម្ពុជានេះតែម្តង ហើយយើងមិនចាំបាច់ព្រួយបារម្ភថានៅពេលដែលប្រើប្រាស់របស់បរទេស ហើយមានបញ្ហាគាំង ឬក៏ទិន្នន័យ គឺយើងអត់មានការបារម្ភទេ។
ហើយអ្វីដែលពិសេសជាងមោទនភាពទៅទៀត គឺ CoolApp បានប្រើប្រាស់នូវមុខងារជាច្រើនទៀត នៅក្នុង CoolApp ហ្នឹងមានទាំង Chat, Call និង Video Call ដែលចំណុចដល់សំខាន់របស់ CoolApp នេះគឺយើងប្រើប្រាស់គេហៅថា ក្នុងដែន Internetក្នុ ងស្រុកតែម្តងគេហៅថា DIX Domestic Internet Exchange។ គេហៅថាទិន្នន័យក្នុងស្រុកធ្វើ ឲ្យការ Call លឿនច្បាស់ Call Video លឿនច្បាស់ ហើយ ស៊ី Internet តិច រួមទាំងផ្ញើរូបភាព ផ្ញើវីដេអូ គឺមានភាពរលូនតែម្តង។ ហ្នឹងគឺជាចំណុចសំខាន់ក្នុងដែនសុវត្ថិភាពរបស់កម្ពុជា តែនៅពេលដែលយើងប្រើប្រាស់របស់អន្តរជាតិ ពេលដែលយើងផ្ញើរូប ផ្ញើអក្សរ ឬក៏ Call ទៅ គឺ Internet ចេញទៅក្រៅប្រទេស…ការចេញទៅក្រៅប្រទេសហ្នឹង វាធ្វើឱ្យបាត់…គេហៅថាបាត់ចំណូលមួយផ្នែកនៃថវិកាជាតិដែរ។ ពេលដែលយើងប្រើប្រាស់នៅក្នុងដែនសមត្ថភាពរបស់កម្ពុជា គេហៅថា Internet ក្នុងស្រុករបស់យើង គឺធ្វើឱ្យយើងចំណេញ Internet អត់ចាយលុយទៅក្រៅ។ នោះហើយសុទ្ធតែជាបញ្ហា បង្កើនចំណូលថវិកាជាតិទៅទៀត។
អញ្ចឹងពេលដែល Internet វាប្រើរបស់បរទេស, Internet វាទៅក្រៅនោះ វាទៅទិញពាក្យបច្ចេកទេសទិញ Bandwidth ទៀត… អញ្ចឹងក្រុមហ៊ុន ISP ដែលនៅក្នុងស្រុកហ្នឹង គឺគាត់ត្រូវបង់លុយទៅក្រៅប្រទេសទៀត ហ្នឹងហើយដែលជាបញ្ហាមួយដែលជាចំណុចមួយ ដែលបង្កើនដល់ចំណូលជាតិថែមទៀត នៅពេលដែលយើងនាំគ្នាប្រើប្រាស់របស់ជាតិយើងនេះតែម្តង»។
គោលដៅសំខាន់មួយរបស់ CoolApp គឺផ្តល់សិទ្ធិអំណាចដល់ប្រជាជនកម្ពុជាតាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការចូលទៅកាន់សេវាកម្មសំខាន់ៗ រួមមាន៖
សេវារដ្ឋាភិបាលអេឡិចត្រូនិក ដែលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋអាចធ្វើអន្តរកម្មជាមួយភ្នាក់ងាររដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយការងារឯកសារ និងពេលវេលារង់ចាំ។ CoolApp នៅបានជួយជាប្រយោជន៍ដល់សិស្សនិងគ្រូបង្រៀននូវការអប់រំ និងការចែករំលែកចំណេះដឹង ដោយវេទិកានេះ ផ្តល់នូវធនធានដែលបង្កើនឱកាសសិក្សាសម្រាប់សិស្សានុសិស្ស និងអ្នកជំនាញដូចគ្នា។
ដោយឡែកនៅថ្ងៃទី៣១ មករា ឆ្នាំ២០២៥ គណៈបក្សប្រជាជនកម្ពុជាដែលកាន់អំណាចនៅក្នុងប្រទេស ក៏ទើបបានចេញលិខិតមួយបញ្ជាក់ប្រាប់ប្រធានគណៈកម្មាធិការគណបក្សរាជធានី/ខេត្តនៅទូទាំងប្រទេសជុំវិញការបង្កើតក្រុមទំនាក់ទំនងថ្មីតាមកម្មវិធី CoolApp ខណៈភាពវិវត្តន៍នៃវិស័យឌីជីថលរបស់កម្ពុជា បាននិងកំពុងស្ថិតក្នុងរបត់មួយដែលមានការទទួលស្គាល់ជាពិភពលោក។ លិខិតរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានសរសេរថា «ខុទ្ទកាល័យ នឹងបង្កើតក្រុមការងារទំនាក់ទំនងថ្មីតាមកម្មវិធី CoolApp ជាមួយគណបក្សរាជធានី/ខេត្ត ជំនួសឱ្យការប្រើប្រាស់កម្មវិធី Telegram។
* មោទនភាពជាតិ និងអធិបតេយ្យភាពបច្ចេកវិទ្យា
CoolApp មិនគ្រាន់តែជាឧបករណ៍ឌីជីថលប៉ុណ្ណោះទេ វាតំណាងឱ្យឯករាជ្យភាព និងវឌ្ឍនភាពនៃបច្ចេកវិទ្យារបស់កម្ពុជា។ មិនដូចការពឹងផ្អែកលើវេទិកាដែលបង្កើតឡើងដោយបរទេសនោះទេ CoolApp គឺជាការច្នៃប្រឌិតរបស់ខ្មែរក្នុងស្រុក ដែលពង្រឹងសន្តិសុខជាតិ អធិបតេយ្យភាព ទិន្នន័យ និងការពឹងផ្អែកលើបច្ចេកវិទ្យារបស់កូនខ្មែរខ្លួនឯងទាំងស្រុងក្នុងរបត់នៃសម័យ ឌីជីថលូបនីយកម្មរបស់ពិភពលោកបច្ចុប្បន្ន។
កន្លងមកនេះ ក្រុមធ្វើនយោបាយប្រឆាំង ដែលតែងនិយាយបរិហាកេរ្តិ៍អាក្រក់អំពីខ្មែរគ្នាឯង និងដែលតែងនិយាយលាបពណ៌អាក្រក់ដាក់មកលើខ្មែរក្នុងស្រុក បានចោទថារាល់ទិន្នន័យនៅក្នុង CoolApp ត្រូវបានតាមដានដោយរាជរដ្ឋាភិបាល និងថាប្រព័ន្ធ CoolApp គ្មានសុវត្ថិភាពឡើយ ប៉ុន្តែការចោទទាំងនេះ ត្រូវបានអគ្គនាយកបណ្តាញព័ត៌មាន Fresh News និងបណ្តាញទំនាក់ទំនងសង្គមឆាត CoolApp លោក លឹម ជាវុត្ថា បានបដិសេធ និងបកស្រាយបំភ្លឺតបយ៉ាងនេះ៖
«ក្រៅពីមានការខលច្បាស់ ផ្ញើសារ ផ្ញើរូប ផ្ញើវីដេអូ បានរហ័សលឿនហើយ យើងបានធ្វើឱ្យការផ្លាស់ប្តូរទិន្ន័យគ្នានៅក្នុងស្រុកមានសុវត្ថិភាព១០០%។ ហើយដូចខ្ញុំបញ្ជាក់មុនហ្នឹងគឺអត់មានជនណាម្នាក់មកមើលទិន្ន័យយើងបានទេ។ ដូចកន្លងមកពេលដែលខ្ញុំទើបតែចាប់ផ្តើមប្រកាសផ្សព្វផ្សាយ មានក្រុមប្រឆាំងដែលអត់យល់ពីបច្ចេកទេសសោះ មកចោទ មកទម្លាក់កំហុសថា CoolApp ហ្នឹងលួចទិន្ន័យ…យកទិន្ន័យនោះ ខ្ញុំសូមប្រកាសច្រានចោល។
ខ្ញុំបានច្រាលចោលច្រើនលើកច្រើនសារ ឥឡូវនេះសូមច្រានចោលម្តងទៀតនូវការចោទប្រកាន់ដោយគ្មានមូលហេតុត្រឹមត្រូវទាំងអស់។ នេះគឺជាចំណុចចសំខាន់ ហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមនាំគ្នាប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជាតិរបស់យើងមួយ ដើម្បីនៅពេលដែលមានបញ្ហាបណ្តាញទំនាក់ទំនងរបស់បរទេស…គាត់គាំង ឬកើតអ្វីមួយ។ កន្លងមកដូច«លោកគ្រូ» បានដឹងហើយថា ពេលខ្លះតេឡេក្រាម ក៏មានគាំង WhatsApp ក៏មានគាំង ពេលនោះជ្រួលច្របល់ពេញប្រទេសហើយ អញ្ចឹងយើងមានរបស់យើងមួយ ទុកប្រើប្រាស់ដើម្បីសុវត្ថិភាពរបស់យើង ប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់យើងតែម្តង»។
ការអភិវឌ្ឍ CoolApp គឺជាសក្ខីភាពមួយចំពោះទេពកោសល្យ និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់វិស្វករខ្មែរស្របតាមអាទិភាពនៃគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ការអភិវឌ្ឍ CoolApp បានបង្ហាញពីសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការច្នៃប្រឌិត និងបង្កើតដំណោះស្រាយឌីជីថលលំដាប់ពិភពលោក ដែលបំពេញតម្រូវការពិសេសរបស់ប្រជាជនរបស់ខ្លួន។
* ទស្សនវិស័យក្នុងតំបន់និងសកល
ខណៈពេលដែលប្រទេសកម្ពុជាមាន CoolApp ដែលជាអត្តសញ្ញាណមួយរបស់ជាតិ, ប្រទេសជាច្រើនទៀត ក៏បានបង្កើតវេទិកាឌីជីថលនៃអត្តសញ្ញាណជាតិរបស់គេរៀងៗខ្លួនផងដែរ ដូចជានៅក្នុងប្រទេសចិន គឺមាន WeChat, នៅសហរដ្ឋអាមេរិកមាន WhatsApp, នៅរុស្ស៊ី មាន Telegram, នៅកូរ៉េខាងត្បូងមាន KakaoTalk និងនៅជប៉ុនមាន LINE ជាដើម។
គួរកត់សម្គាល់ថាតាមប្រទេសនីមួយៗ គេបានរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលរៀងៗខ្លួនដើម្បីបំពេញតម្រូវការតាមប្រទេសរបស់គេ ប៉ុន្តែនៅក្នុងប្រទេសអាស៊ានយើងគិតត្រឹមបច្ចុប្បន្ននេះ គឺមានតែកម្ពុជា មាន CoolApp និងវៀតណាម មាន ZALO តែប៉ុណ្ណោះ ដែលកម្មវិធីរបស់វៀតណាមនេះ បានបង្កើតមុនកម្ពុជាមានរយៈពេលជាង១០ឆ្នាំរួចមកហើយ។
ដូច្នេះ CoolApp បានដាក់ប្រទេសកម្ពុជានៅក្នុងបដិវត្តន៍ឌីជីថល ដោយការភ្ជាប់ប្រើប្រាស់វាជាមួយនឹងប្រព័ន្ធនានា របស់បណ្តាញពិភពលោកនិងតំបន់ក្នុងវិស័យបច្ចេកវិទ្យា។
នៅពេលដែលប្រទេសកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់អនាគតកាន់តែជឿនលឿនផ្នែកបច្ចេកវិទ្យា, CoolApp បានឈរជានិមិត្តសញ្ញានៃវឌ្ឍនភាព ឯកភាពជាតិ និងការពឹងផ្អែកលើខ្លួនឯង។ ប្រជាជនកម្ពុជាគ្រប់រូបដែលទទួលយកការច្នៃប្រឌិតនេះ រួមចំណែកដល់ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស និងការទទួលស្គាល់ជាសកល។
CoolApp មិនត្រឹមតែជាការអភិវឌ្ឍនៃវិស័យឌីជីថលូបនីយកម្មប៉ុណ្ណោះទេ វាជាមោទនភាពរបស់ជាតិខ្មែរ ដែលទើបតែបង្កើតឡើងជាលើកដំបូងក្នុងប្រទេសក្រោមម្លប់សន្តិភាព នៃសម័យនយោបាយឈ្នះឈ្នះ បង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ តាមរយៈការទទួលយកការច្នៃប្រឌិតក្នុងស្រុកនេះ ប្រជាជនកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពេញលេញពីសេវាកម្មឌីជីថលទំនើបនេះ នៅចំពេលដែលកម្ពុជាកំពុងបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការប្រកួតប្រជែងនៅលើឆាកពិភពលោក។
ភាពជោគជ័យរបស់ CoolApp កំពុងតំណាងឱ្យយុគសម័យថ្មីនៃការពង្រឹងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ហើយការទទួលយកយ៉ាងទូលំទូលាយរបស់វានឹងធានាថាប្រទេសជាតិនេះនឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតក្នុងយុគសម័យឌីជីថល៕