(ភ្នំពេញ)៖ ក្រោមការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រុមការងារការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសវិស្សមកាលសិក្សា។
ថ្លែងទៅកាន់ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជា អនុប្រធាន និងសមាជិក-សមាជិកា ក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំប្រទេសចិន ប្រមាណ៣០រូប រួមជាមួយនិស្សិត អ.ម.ត សិក្សានៅប្រទេសចិន ចំនួន១០០នាក់ ដែលបានត្រលប់មកមាតុភូមិក្នុងឱកាសវិស្សមកាលសិក្សា ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ចិន បានពាំនាំនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១កម្ពុជា និងជាប្រធានសមាគម អ.ម.ត ជូនដល់អង្គពិធីទាំងមូល។
ឯកឧត្តមបានបន្តទៀតថា ក្រោមម្លប់សន្តិភាព ដែលបានមកពីការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍ឯក និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានផ្តល់ឱកាសឱ្យនិស្សិតរៀនសូត្រពេញលេញនៅក្នុងប្រទេស និងមានលទ្ធភាពអាចបន្តការសិក្សានៅក្រៅប្រទេស ជាពិសេសអាហារូបករណ៍កាន់តែច្រើនទៅបន្តការសិក្សា នៅប្រទេសលើទម្រដ៏រឹងមាំ នៃទំនាក់ទំនងដែកថែបកម្ពុជានិងចិន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានបន្តទៀតថា អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហៅកាត់ថា អ.ម.ត ដែលផ្តល់ជូនតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់ក្នុងគោលដៅជំរុញអោយការសិក្សារបស់និស្សិតបានចប់ចុង-ចប់ដើម ប្រកបដោយប្រសិទ្ធភាពខ្ពស់។
បន្ថែមពីលើនេះ ឯកឧត្តម ឡាវ វ៉ាន់ ក៏បានរំលេចពីរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយឯកឧត្តមបានគូសបញ្ជាក់ថា បញ្ចកោណទី១គឺការអភិវឌ្ឍមូលធនមនុស្ស ហើយតាមរយៈការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នៃយុទ្ធសាស្រ្តបញ្ចកោណទី១នេះ ឯកឧត្តមបានបង្ហាញថា មូលធនមនុស្ស គឺជាមនុស្សដែលមានសុខភាព សមត្ថភាព ពុទ្ធិ និងជំនាញ។ តាមរយៈអត្ថន័យនេះ ឯកឧត្តមបានបន្ត ការលើកទឹកចិត្តដល់និស្សិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ពុទ្ធិ និងមានជំនាញពិតប្រាកដ រួមទាំងការថែរក្សាសុខភាព ឱ្យបានរឹងមាំ។
នៅក្នុងបណ្តាំផ្ញើជូនដល់និស្សិតទាំងអស់ ឯកឧត្តម ឡាវ វ៉ាន់ បានថ្លែងថា «ទោះនៅក្នុងពេលណា ក្នុងទីកន្លែងណាក៏ដោយត្រូវបន្ត គំរូភាពក្នុងនាមជាតំណាងឱ្យកម្ពុជា ដោយប្រព្រឹត្តទង្វើ ឬចូលរួមសកម្មភាពណាដែលលើក កម្ពស់ឧត្តមានុភាពកិត្តិនាមរបស់ជាតិ ក៏ដូចជាបង្កើនឫទ្ធានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយរួមគ្នារក្សាសាមគ្គីភាព ជួយយកអាសាគ្នាទៅវិញទៅមក ព្រមទាំងត្រូវយល់ថា និស្សិតអ.ម.ត ចិន រាល់រូបគឺជាអ្នកដែលកំពុងសាងស្ពានអប់រំពង្រីកដៃគូអភិវឌ្ឍ និងកិច្ចសហការវប្បធម៌ខ្មែរក្នុងរង្វង់សហគមន៍អន្តរជាតិ ហើយជួយលើកស្ទួយវប្បធម៌-ទេសចរណ៍កម្ពុជានៅក្នុង សហគមន៍អន្តរជាតិ»៕
វិទ្យុមិត្តភាពកម្ពុជាចិន