(កំពង់ឆ្នាំង)៖ លោក ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានដឹកនាំក្រុមការងារនិងដោយមានការចូលរួមពីលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ និងនាំយកនូវអំណោយចែកជូនប្រជា​ពលរដ្ឋ ១៥២គ្រួសារ មកពីតាមបណ្ដាឃុំមួយចំនួន ក្នុងស្រុកកំពង់លែង។

ក្នុងពិធីសំណេះសំណាលនិងផ្ដល់អំណោយជូនដល់រដ្ឋក្រីក្រខាងលើនាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហ៊ឺ វីរៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីនឹករលឹកផងដែរ។

បន្ថែមពីនេះលោក ហ៊ឺ វីរៈ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈដែលបច្ចុប្បន្នអាកាសធាតុកំពុងតែចុះត្រជាក់ និងបង្កើនការប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង ព្រោះរដូវនេះជារដូវប្រាំងចូលមកដល់ និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំបង្ករបង្កើនផលដំណាំ ដើម្បីជួយផ្គត់ផ្គង់ជីវភាពជាបន្តទៀតផងដែរ។

នាឱកាសនោះដែរលោក យ៉ែម លក្ខិណា ក៏បានបញ្ជាក់ដែរថា ដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋ លោកអភិបាលខេត្តកំពង់ឆ្នាំង បាននឹងកំពុងតែខិតខំត្រៀមនូវគ្រប់មធ្យោបាយ​ក្នុងការជួយសង្គ្រោះស្រូវប្រាំង​របស់ប្រជាពលរដ្ឋ ប្រសិនបើជួបប្រទះនូវការខ្វះខាតទឹកស្រោចស្រព្យនៅពេលខាងមុខនេះ ហើយចំពោះបញ្ហាវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ បច្ចុប្បន្នមន្ត្រីវាស់វែងបាននិងកំពុងតែសម្រុកចុះវែងដីធ្លីជូនប្រជាពលរដ្ឋ យ៉ាងបើមានញឹក និងបានបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ហេតុនេះបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានត្រូវតែសហការ​ឲ្យបានល្អជាមួយមន្ត្រីវាស់វែង ដើម្បីជំរុញឲ្យផែនការវាស់វែងនេះ​ទទួលបានជោគជ័យ និងបានចប់ទៅតាមផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ដែរថា នាឱកាសនោះលោក ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងភរិយា បានប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋ ទាំង ១៥២នាក់នោះរួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន ៥ម៉ឺនរៀល ដោយឡែកយុវជនកាកបាទក្រហមចំនួន ២០នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ១ម៉ឺនរៀល, យុវជន ស.យ. ស.ស ចំនួន៥នាក់ ក្នុងម្នាក់ជួយឧបត្ថម្ភ១ម៉ឺនរៀលផងដែរ៕