(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់-CMAC) នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយក្រុមការងារ​នៃមជ្ឈមណ្ឌល​សកម្មភាពកំចាត់មីននីហ្សេរីយ៉ា (MAC) នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។

ដំណើរទស្សនកិច្ចមកកាន់អង្គភាពស៊ីម៉ាក់នៅថ្ងៃនេះ គណៈប្រតិភូនីហ្សេរីយ៉ា មានបំណងស្វែងយល់ពីសមត្ថភាពដ៏រឹងមាំរបស់ប្រទេសកម្ពុជា ក្នុងវិស័យសកម្មភាពមីន ដែលមានបទពិសោធន៍ជាង ៣ទស្សវត្សរ៍ ក្នុងការបោសសម្អាតមីន រួមជាមួយការចែករំលែកបទពិសោធន៍ និងវគ្គបណ្តុះបណ្តាលវិស័យសកម្មភាពមីន ដល់ប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមផងដែរ។

ប្រទេសសាធារណរដ្ឋសហពន្ធ័នីហ្សេរីយ៉ា ស្ថិតនៅតំបន់ទ្វីបអាហ្វ្រីក ជាប្រទេសមានផ្ទៃដីធំជាង ៩សែនគីឡូម៉ែត្រក្រឡា មានប្រជាជនជាង ២៣០លាននាក់ ជាប្រទេសមានប្រជាជនច្រើនជាងនៅទ្វីបអាហ្វ្រីក និងជាប្រទេសទី៦នៃប្រជាជនច្រើនជាងគេលើពិភពលោក។

គួររំលឹកផងដែរថា ប្រទេសនីហ្សេរីយ៉ា មានបញ្ហាគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ដោយសារសង្គ្រាមផ្ទុះឡើងនៅឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ និងបន្តមានជម្លោះសង្គ្រាមប្រដាប់អាវុធផ្ទៃក្នុងរហូតមកដល់​បច្ចុប្បន្ននេះ។ នៅឆ្នាំ២០១៨ តបតាមសំណើរបស់ប្រទេសនេហ្សេរីយ៉ាអង្គការសហប្រជាជាតិ (UN) បានចាត់បញ្ជូនអ្នកជំនាញបច្ចកទេសមីន (UNMAS) ទៅជួយ ហើយបានស្នើសុំបញ្ចប់​ការបោសសម្អាតមីន​ត្រឹមចុងឆ្នាំ២០២៥។

ប៉ុន្តែមិនអាចបញ្ចប់ត្រឹមឆ្នាំ២០២៥នោះទេ សូម្បីតែការព្យាយាមបង្កើតអង្គភាពជាតិបោសសម្អាតមីន ដូចអង្គភាពស៊ីម៉ាក់ជាង ៥ឆ្នាំហើយកន្លងមកហើយ ក៏បង្កើតមិនបានផង។ ដោយឃើញសភាពការណ៍បែបនេះ រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA ក៏ចូលរួមអន្តរាគមន៍ជួយរដ្ឋាភិបាលនីហ្សេរីយ៉ា និងជំរុញមកសិក្សាពីបទពិសោធ៍ននៅកម្ពុជា។ តាមព័ត៌មានស្រាវជ្រាវរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មានប្រជាពលរដ្ឋ នីហ្សេរីយ៉ា ចំនួនប្រមាណ ៨.៣លាននាក់ កំពុងទទួលរងការគំរាមកំហែង ដោយសារគ្រាប់មីន/សំណល់យុទ្ធភណ្ឌសង្គ្រាម និងមានផ្ទៃដីមានបញ្ហាគ្រាប់មីនមានចំនួប្រមាណ ៩ ៣០០គីឡូម៉ែត្រក្រឡា។

សូមបញ្ជាក់ថា បន្ទាប់ពីជំនួបពិភាក្សាការងារ គណៈប្រតិភូនីហ្សេរីយ៉ា នឹងបន្តចូលរួមសិក្ខាសាលារួមគ្នា ដោយមានវាគ្មិនមកចូលរួមមកពីអាជ្ញាធរមីន អង្គភាពស៊ីម៉ាក់ អង្គការ JICA អង្គការ UNDP អង្គការ NPA មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ក្នុងការផ្លាស់ប្តូរចំណេះដឹង ដោយផ្តោតលើដំណើរជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងការពង្រឹងសមត្ថភាពសកម្មភាពមីនជាតិរបស់ខ្លួន៕