(កំពង់ចាម)៖ លោក អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រាំង និងការបែងចែកវេនបើកទឹកស្រោចស្រពចំនួន០២ ទីតាំងក្នុងខេត្តកំពង់ចាម។
ក្នុងនោះក៏មានការអមដំណើរដោយ លោក វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ មន្រ្តីការិយាល័យជំនាញ និងកងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រាំង និងការបែងចែកវេនបើកទឹកស្រោចស្រពចំនួន០២ ទីតាំងនៅស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងដំណើរបេសកកម្មនេះ លោក អ៊ឹម ស៊ីថុល បានចុះត្រួតពិនិត្យការបែងចែកវេនបើកទឹកស្រោចស្រព ដែលហូរចេញក្បាលហុងទឹកអូរសោម ស្ថិតនៅភូមិវារីកើត ឃុំស្វាយទាប ស្រុកចំការលើ ព្រមទាំងបានទៅត្រួតពិនិត្យការដាក់វេនគ្នា បើកទឹកស្រោចស្រពចេញពីក្បាលហុងទឹកទំនប់៥កុម្ភះ ស្ថិតនៅភូមិក្បាលហុងទំនប់៥កុម្ភះ និងភូមិក្បាលហុង ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ បានបន្តដឹកនាំក្រុមការងារចុះមកពិនិត្យកសិដ្ឋានបន្លែធម្មជាតិនៅក្នុងផ្ទះសំណាញ់ ដែលផ្តោតទៅលើការដាំស្ពៃតឿ និងស្ពៃក្រញាញ់។ លោក បានកោតសរសើរដល់ប្រជាពលរដ្ឋដែលចេះយោគយល់គ្នា ឯកភាពគ្នាក្នុងការចែកវេនបើកទឹកស្រោចស្រព ក្រោមការដឹកនាំរបស់លោកអភិបាលនៃគណៈអភិបាលស្រុកចំការលើ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានតម្លាភាព។
ឆ្លៀតក្នុងឱកាសនេះ លោក ក៏បានជម្រាបជូនប្រជាកសិករ និងបានពាំនាំការសួរសុខទុក្ខយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ចំពោះប្រជាកសិករទាំងអស់ ព្រមទាំងជម្រាបអំពីស្ថានភាពទីផ្សារស្រូវនៅឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ផងដែរ៕