(តាកែវ)៖ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ដែលរងរបួសធ្ងន់ធ្ងរប្រឈមជាមួយនឹងពិការភាពអស់មួយជីវិតដោយសារដាច់សរសៃជង្គង់ ដោយត្រូវរថយន្ដទំនើបមួយគ្រឿង ដែលអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥កន្លងទៅ ស្នើសុំថ្នាក់ដឹកនាំជួយអន្ដរាគមន៍ដើម្បីពន្លឿននីតិវិធីក្នុងការដោះស្រាយផ្ដល់សំណង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ក្រៅពី២នាក់ប្ដីប្រពន្ធដែលរងរបួសធ្ងន់ ពេលនោះក៏បានបណ្ដាលឲ្យជនរងគ្រោះ៥នាក់ផ្សេងទៀតរងរបួសផងដែរ។ ដោយឡែក អ្នកបើកបរបង្កដែលស្ថិតក្នុងស្ថានភាពស្រវឹង ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងបញ្ជូនទៅសួរនាំដើម្បីចាត់ការតាមនីតិវិធី។

ការចេញមកស្នើសុំអន្ដរាគមន៍ពីសំណាក់ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ ដោយសារតែពួកគាត់សម្របសម្រួលគ្នាជាមួយភាគីជនបង្កមិនត្រូវ ហើយសំណុំរឿងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីដោះស្រាយ តាមច្បាប់។ ពេលកំពុងរង់ចាំដំណោះស្រាយតាមផ្លូវតុលាការ ពួកគាត់ដែលស្ថិតក្នុងស្ថានភាពរងរបួស ដែលអាចឈានដល់ពិការភាព ក៏លែងមានលទ្ធភាពក្នុងការបង់ថ្លៃសម្រាកព្យាបាលនៅពេទ្យទៀតនោះទេ។

ឆ្លើយតបជាមួយសំណើនេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍នេះភាគីទាំងពីរបានជជែកសម្របសម្រួលគ្នារឿង សំណងមិនត្រូវ ដោយសារសំអាងលើហេតុផលរៀងៗខ្លួន។ ទោះបីជាយ៉ាងណា អាជ្ញាធរ និងសមត្ថកិច្ចបានសម្របសម្រួលជាមួយភាគីបង្ក ធ្វើយ៉ាងណាឲ្យជួយចេញថ្លៃព្យាបាលដល់ជនរងគ្រោះ។

លោកអភិបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានខឹតខំសម្របសម្រួលឲ្យជនបង្កជួយចេញថ្លៃព្យាបាលដល់ជនរងគ្រោះ។ ដោយឡែកការអនុវត្តន៍ច្បាប់ព្រហ្មទណ្ឌ គឺនៅដដែល និងបានជំរុញឲ្យសម្ថកិច្ចធ្វើការងារនេះ ឲ្យបានលឿន។ ហើយខ្ញុំក៏បានណែនាំដល់មន្ទីរសុខាភិបាលខេត្ត ឲ្យយកចិត្តទុកដាក់ទៅលើការជួយព្យាបាលដល់ជនរងគ្រោះផងដែរ»

បើតាមលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានអះអាងថា ជនបង្កត្រូវបានព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ និងត្រូវបានចៅក្រមស៊ើបសួរចេញដីការឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្នរួចរាល់ហើយ។

សូមរំលឹកថា នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្ដម៉ាក BMW 530i ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AY-2878 បើកបរដោយបុរសម្នាក់ឈ្មោះ នី សេរីសម្បត្តិ បើកបរក្នុងភាពស្រវឹងរេចង្កូតបុករះម៉ូតូ២គ្រឿង និងបន្តទៅបុករទេះលក់ដូររបស់ប្រជាពលរដ្ឋនៅចិញ្ចើមថ្នល់ នៅលើផ្លូវក្រុង ២A ស្ថិតនៅក្នុងភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្ដតាកែវ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៧នាក់៕