(ភ្នំពេញ)៖ លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកកម្មវិធីសិក្ខាសាលាស្ដីពី ««ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល»» នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលចំនួន ៣០ក្រុមហ៊ុន សរុបប្រមាណ ៨៣នាក់។

សិក្ខាសាលានេះ រៀបចំដោយរួមបញ្ចូលការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ការអនុវត្តផ្ទាល់ (Demo) និងកិច្ចពិភាក្សាសំណួរចម្លើយ ទាក់ទងនៅនឹងនិន្នាការ បញ្ហាប្រឈម ហានិភ័យ វិធីសាស្រ្តក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ជាពិសេសការរៀបចំផែនការក្នុងការធានាសុវត្ថិភាពនិងសន្តិសុខលើការគ្រប់គ្រង ប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលសមស្របទៅតាមឧត្តមានុវត្តន៍តំបន់និងសកល។

វាគ្មិនកិត្តិយស បានលើកឡើងក្នុងបទបង្ហាញថា ដើម្បីពង្រឹងសុវត្ថិភាពឌីជីថលដល់អាជីវកម្ម ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលចាំបាច់ត្រូវយកចិត្តទុកដាក់ លើសន្តិសុខសាយប័រដោយផ្អែកលើធាតុសំខាន់ៗចំនួន ៣ រួមមាន៖

* ការគ្រប់គ្រងដំណើរការនិងអភិបាលកិច្ច (Process)៖ ការរៀបចំគោលការណ៍សន្តិសុខសាយប័រ ការវាយតម្លៃហានិភ័យ (Risk Assessment) និងផែនការឆ្លើយតបទៅនឹងហានិភ័យ (Incident Response Plan) ដើម្បីពង្រឹងសុវត្ថិភាពប្រតិបត្តិការអាជីវកម្ម។
* ធនធានមនុស្ស (People)៖ ការលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសាយប័រ ចំពោះនិយោជិក និងដៃគូអាជីវកម្ម ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតឡើងដោយការវាយប្រហារ។
* បច្ចេកវិទ្យា (Technology)៖ ការបំពាក់ឧបករណ៍និងបច្ចេកវិទ្យាបង្កើនសុវត្ថិភាពឌីជីថលដល់អាជីវកម្មដើម្បីទប់ស្កាត់និងកាត់បន្ថយការវាយប្រហារ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើកទឹកចិត្តឱ្យមានការចូលរួម និងសហការពីក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ លើការងារសន្តិសុខសាយប័រ ដើម្បីបង្កើតសង្គមមួយប្រកបដោយសុវត្ថិភាពសម្រាប់កម្ពុជា។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តគាំទ្រនិងជំរុញការបញ្រ្ជាបចំណេះដឹង ឱ្យបានកាន់តែទូលំទូលាយ និងការយល់ដឹងកាន់តែល្អប្រសើរឡើង អំពីការវាយប្រហារតាមប្រព័ន្ធអនឡាញ និងវិធីសាស្ត្រការពារខ្លួន៕