(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើ​ក្រុម​ហ៊ុនថ្នាំជក់របស់ជប៉ុន ចែករំលែកបទពិសោធន៍ដាំដុះសន្លឹកថ្នាំជក់ដល់​កសិករ​ខ្មែរ។

សំណើរបស់សម្តេចតេជោ បានធ្វើឡើងក្នុងពេលអនុញ្ញាតលោក អេឌី ពី​រ៉ាដ (Eddy Pirard) អគ្គនាយក និងជានាយកប្រតិបត្តិ (CEO) ក្រុម​ហ៊ុន Japan Tobacco International (JTI) សកលលោក និងសហ​ការី ចូលជួប​សម្ដែងការគួរសមនាព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ លោក Eddy Pirard និងសហ​ការី ដែលបានអញ្ជើញមកប្រទេសកម្ពុជា និងស្នើសុំអនុសាសន៍ណែនាំ និងចក្ខុវិស័យពីសម្តេចតេជោ ក្នុងកិច្ចដំណើរការរួមចំណែករបស់ក្រុមហ៊ុន​ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ទោះបីសម្តេចមិនមែនជាថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាលក្តី សម្តេចតេជោ នៅតែទទួលជួបជាមួយវិស័យឯកជន ដើម្បី​​រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច​កម្ពុជា។

លោក Eddy Pirard បានលើកឡើងថា លោក និងសហការី មានកិត្តិ យស​យ៉ាងខ្លាំង និងថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាត​ឱ្យ​ចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូនសម្តេចតេជោ ពីកិច្ចខិតខំ​ប្រឹងប្រែងរបស់ក្រុមហ៊ុន JTI ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គមកម្ពុជា តាមរយៈការទទួលបានចំណាត់ថ្នាក់ល្អ ក្នុងនាមជានិយោ​ជក ក្រុមហ៊ុនប្រតិបត្តិអនុលោមតាមលក្ខន្តិកៈកម្ពុជា និងជាពិសេសការរួម​ចំណែកលើកស្ទួយបរិស្ថាននៅកម្ពុជា តាមរយៈសកម្មភាពបណ្តុះកូនឈើ និងការធ្វើការជាមួយសហគមន៍មូលដ្ឋាន ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការជ្រើសរើសបុគ្គលិកក្នុងស្រុក និងបានក្លាយជាដៃគូដ៏ល្អជាមួយ​កម្ពុជា​សម្រាប់វឌ្ឍនភាពរួមគ្នា ដោយចាត់ទុកថា ការរីកចម្រើនរបស់​កម្ពុជា គឺជាការរីកចម្រើនរបស់ក្រុមហ៊ុន។

លោក Eddy Pirard បានបន្ថែមថា ក្រុមហ៊ុន JTI ប្រចាំនៅកម្ពុជា គឺជា​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JT Group ដែលមានភាគហ៊ុន៣៣ភាគរយ កាន់​កាប់ដោយរដ្ឋាភិបាលជប៉ុន។ ក្រុមហ៊ុននេះ ក៏មានអាជីវកម្មលើផ្នែក​ផ្សេង​ទៀតក្រៅពីឧស្សាហកម្មថ្នាំជក់ ដូចជាឧស្សាហកម្មឱសថ និងកែច្នៃ​អាហារ​ផងដែរ។

លោក Eddy Pirard បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក មាន​វត្ត​មាននៅកម្ពុជាជាច្រើនឆ្នាំមកហើយ និងបានឃើញការរីកចម្រើនយ៉ាង​ឆាប់​រហ័សរបស់ប្រទេសកម្ពុជា និងបានចាត់ទុកប្រទេសកម្ពុជាជាប្រទេស​សំខាន់​សម្រាប់ក្រុមហ៊ុន ព្រមទាំងស្វែងរកកិច្ចសហការ និងភាពជាដៃគូជា​មួយអាជ្ញាធរកម្ពុជា ដើម្បីបន្តរីកចម្រើនធំធាត់ថែមទៀត។

លោក Eddy Pirard មានជំនឿជឿជាក់យ៉ាងមុតមាំថា សម្តេចមហាបវរ​ធិប​តីនាយក​រដ្ឋមន្ត្រី នឹងដឹកនាំកម្ពុជាឈានទៅដំណាក់កាលថ្មីនៃការ​អភិ​វឌ្ឍជាតិ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានសាទរ និងវាយតម្លៃខ្ពស់លើក្រុមហ៊ុន JTI ចំពោះជោគជ័យសម្រេចបានកន្លងមក ជាភាពជាគម្រូល្អនៃអនុលោម​ភាព​សារពើពន្ធ និងជាសមាជិកក្រុមធុរជនល្អបំផុត ព្រមទាំងការចូលរួម​របស់​ក្រុមហ៊ុនក្នុងការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព និងការទប់​ស្កាត់​ការប្រែប្រួលអាកាសធាតុ និងការផ្តល់ប្រព័ន្ធអគ្គិសនីប្រើពន្លឺព្រះ​អា​ទិត្យ​នៅបណ្តោយផ្លូវជាតិនានា។

សម្តេចតេជោ ក៏បានរំឭកអំពីអតីតកាលដែលគ្រួសារសម្តេច ក៏ដូចជា​គ្រួ​សារ​កសិកររស់នៅតាមដងទន្លេមេគង្គ ប្រកបរបរដាំថ្នាំជក់ និងចែករំលែក​អំពីការវិវត្តនៃការសម្រេចជាគោលនយោបាយលើថ្នាំជក់របស់សម្តេច ពី​ពេល​ដែលចរន្តពិភពលោក មិនទាន់មានការហាមឃាត់ការជក់បារី រហូត​មកទល់នឹងពេលបច្ចុប្បន្ន។

ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សម្តេចតេជោ បានផ្តល់​អនុ​សាសន៍ដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព និងទាក់ទាញការ​វិនិយោគ​បន្ថែម​ទៀត ជាពិសេសពិពិធកម្មផលិតកម្មលើវិស័យ​ផ្សេង​ទៀត​តួយ៉ាង​ដូច​ជា​ឧស្សាហកម្មឱសថ និងកែច្នៃអាហារ។ ជាក់ស្តែងកម្ពុជា បាននិងកំពុ​ង​ក្លាយ​ជាប្រទេសនាំមុខគេដែលដាំ និងប្រមូលផលស្រូវ និងគ្រាប់ស្វាយចន្ទី​ច្រើនជាង​គេលើពិភពលោកនាពេលកន្លងទៅនេះ។

សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តកិច្ចសហប្រតិបត្តិការល្អ និងឱ្យបានជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញកិច្ចសហការសិក្សាស្រាវជ្រាវដោយប្រើប្រាស់បច្ចេកវិទ្យា និងបទ​ពិសោធ​ល្អៗ ជាពិសេសបទពិសោធជប៉ុន លើការជ្រើសរើសពូជ ការប្រើ​ប្រាស់ដី និងបច្ចេកទេសកេ្សតសាស្រ្តដាំដុះ ជាពិសេស ដីដែលគ្មាន​ ឬមាន​ល្បាប់តិចតួច សំដៅជួយកសិករបង្កើនគុណភាព និងទិន្នផលដាំដុះសន្លឹក​ថ្នាំ​ជក់នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្រុមហ៊ុន គួរសហការជាមួយ​សហ​គមន៍ដាំដុះសន្លឹកថ្នាំជក់ ដែលជាសមាជិកម៉ាកសមូហភាព​របស់​ក្រសួងពាណិជ្ជកម្ម សិក្សាបង្កើនការផលិត និងពង្រីកទីផ្សារនាំចេញ ដើម្បី​ធានាបាននិរន្តរភាពនៃការដាំដុះក្នុងទំរង់ភាពជាដៃគូឈ្នះ-ឈ្នះផងដែរ៕