(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមអនាគតកម្ពុជា (AVENIR CAMBODGE Association) មានមូលដ្ឋាននៅប្រទេសបារាំង ដែលបានជួយសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងមណ្ឌលសុខភាពកោះកេរ្តិ៍រយះពេលកន្លងមក និងប្រកាសជួយសាងសង់បន្ថែមទៀតនៅក្នុងឆ្នាំ២០២៥នេះ។

ការប្រគល់លិខិតថ្លែងអំណរគុណដល់សមាគមអនាគតកម្ពុជានាពេលនេះ គឺធ្វើឡើងក្នុងឱកាសដែលលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល​ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ជួបសំណេះសំណាល ជាមួយក្រុមការងាររបស់សមាគមអនាគតកម្ពុជា (AVENIR CAMBODGE Association) ដែលមានមូលដ្ឋាននៅប្រទេសបារាំង ដឹកនាំដោយលោក Benoite Fidelin ប្រធានសមាគម ដែលជំនួបនេះបានធ្វើឡើងនៅមណ្ឌលសុខភាពកោះកេរ្តិ៍ ស្ថិតក្នុងឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក Benoite Fidelin ប្រធានសមាគម បានថ្លែងឱ្យដឹងថា តាំងពីឆ្នាំ២០១១មក សមាគមរបស់លោកបានជួយសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនដល់មណ្ឌលសុខភាពកោះកេរ្តិ៍ សរុបជាទឹកប្រាក់ប្រមាណ ១៦៧,០០០.០០ដុល្លារ។

លោកថា សំណង់ និងសម្ភារ រួមទាំងឧបករណ៍ទាំងនោះរួមមាន៖ អគារសម្រាកពេទ្យចំនួន ០២ខ្នង, ផ្ទះបាយសម្រាប់អ្នកជំងឺចំនួន០១ខ្នង, រោងសម្រាប់ដាក់ម៉ាស៊ីនភ្លើង និងម៉ាស៊ីនចម្រោះទឹកចំនួន០១ខ្នង, បង្គន់សម្រាប់ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋពិការភាព៤បន្ទប់, ម៉ាស៊ីនភ្លើងចំនួន១គ្រឿង ម៉ាស៊ីនច្រោះទឹកសុទ្ធចំនួន០១គ្រឿងផងដែរ។

លោកប្រធានសមាគមបានបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ លោកនឹងជួយសាងសង់ និងផ្ដល់សម្ភារមួយចំនួនទៀតដូចជា៖ ធ្វើដំបូលតភ្ជាប់ពីអគារមួយទៅអគារមួយទៀត, រៀបចំធ្វើពិដានថ្មី, ធ្វើរបងព័ទ្ធជុំវិញប្រវែង ១៥០ម៉្រែត, រៀបចំធ្វើសួនកុមារ (playground for children), ផ្ដល់នូវសម្ភារពេទ្យមួយចំនួន ដូចជា ម៉ាស៊ីនសម្រាប់រំងាប់មេរោគលើសម្ភារ (Steriliser) និងម៉ាស៊ីនសម្រាប់តាមដានសញ្ញាជីវិតអ្នកជំងឺ (Patient monitor), ម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់សម្រាលកូន។ លោកថា ការកសាង និងបំពាក់សម្ភារទាំងអស់នេះ នឹងរួចរាល់ទាំងស្រុងនៅបំណាច់ ឆ្នាំ២០២៥ខាងមុខ។

ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់សហគមអនាគតកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង ជាពិសេសសូមអំណរដល់លោក Benoit Fidelin ដែលបានជួយគាំទ្រផ្ដល់នូវអំណោយដ៏ថ្លៃថ្លានេះដល់មណ្ឌលសុខភាពកោះកេរ្តិ៍។

លោកប្រធានមន្ទីរសុខាភិបាលបានថ្លែងលើកឡើងថា មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចាត់ទុកមណ្ឌលសុខភាពកោះកេរ្ដិ៍ គឺជាមណ្ឌលសុខភាពគំរូមួយក្នុងចំណោមមណ្ឌលសុខភាពគំរូទាំង១០ នៅក្នុងខេត្តព្រះវិហារ ហើយនៅឆ្នាំ២០២៥នេះ មន្ទីរនឹងអាចបញ្ជូនមណ្ឌលសុខភាពកោះកេរ្ដិ៍ ទៅចូលរួមក្នុងការប្រកួតប្រជែងមូលដ្ឋានសុខាភិបាលសាធារណៈផ្តល់សេវាគំរូថ្នាក់ជាតិផងដែរ។

លោក គួង ឡូ បានថ្លែងបញ្ជាក់ទៀតថា សមិទ្ធិផលនានារបស់មណ្ឌលសុខភាពកោះកេរ្តិ៍ នឹងមិនអាចកើតមានឡើងបានទេ ប្រសិនបើគ្មានការចូលរួមចំណែកយ៉ាងធំធេងរបស់សមាគមអនាគតកម្ពុជានេះទេ។ លោកក៏បានថ្លែង លើកឡើង ពីចក្ខុវិស័យរបស់លោកចង់បង្កើតនូវអគារមួយខ្នងទៀតនៅក្នុងមណ្ឌលសុខភាពនេះ ក្នុងគោលបំណងចំនួន០៣ គឺ៖១.ជាកន្លែងសម្រាប់ធ្វើការអប់រំសុខភាពជាពិសេសសម្រាប់មនុស្សដែលមានវ័យចំណាស់ (Aging people)២.ជាកន្លែងសម្រាប់ហាត់ប្រាណ ជាពិសេស សម្រាប់មនុស្សដែលមានវ័យចំណាស់ (Aging people) និងទី៣ ជាកន្លែងសម្រាប់ធ្វើសមាធិ (Meditation) ដូចនេះលោកក៏បានស្នើរសុំឱ្យលោកប្រធានសមាគម ជួយចូលចំណែក លើកិច្ចការងារនេះ ជាការឆ្លើយតបលោកប្រធានសមាគមបានគាំទ្រនូវគំនិតឆ្នៃប្រឌិតនេះ លោកប្រធាននឹងពិចារណារលើការស្នើរសុំរបស់លោកប្រធានមន្ទីរសុខាភិបាល៕