(ភ្នំពេញ)៖ ផ្លូវថ្មើរជើង (Walk Street) ដែលបានបើកឱ្យដំណើរការសាកល្បងក្នុងរយៈពេល២ថ្ងៃ កន្លងមក គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ ពិតជាទទួលបាននូវការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកំសាន្តយ៉ាងច្រើនកុះករ ដោយចំនួនភ្ញៀវបានកើនឡើង ជាលំដាប់។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្លូវថ្មើរជើង (Walk Street) ដែលបានបើកឱ្យដំណើរការសាកល្បងក្នុងរយៈពេល២ថ្ងៃនេះ ឃើញថា មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកំសាន្តច្រើន។

លោកស្រីថា «បើប្រៀបធៀបនៅថ្ងៃទី១ នៃការបើកឱ្យដំណើរការសាកល្បង សំរាប់ថ្ងៃទី២ គឺមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកំសាន្តច្រើនជាងថ្ងៃទី១។ នេះបង្ហាញឱ្យឃើញពីសន្ទស្សន៍កើនឡើង ហើយ។ យើងសង្ឃឹមថា ក្រោយពីយើងធ្វើការកែសម្រួល ជាបន្តបន្ទាប់ទៀត ដូចជា ការរៀបចំស្តង់ម្ហូបអាហារ ការប្រគំតន្ត្រីសម័យ បុរាណ ការគូរគំនូរ កន្លែងលេងសៀករហ័សកម្ម ជាដើមនោះ កំណើតប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នឹងកើនឡើងច្រើនជាងនេះទៀត»។

លោកស្រី ដោ សម្ផស្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភ្ញៀវជាតិ និងអន្តរជាតិ ពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅជាប់ទីតាំងនេះ បានចូលរួមគាំទ្រនិងសហការជាមួយអាជ្ញាធរបានយ៉ាងល្អដែលវានឹងធ្វើឱ្យគម្រោង បើក ផ្លូវថ្មើរជើង (Walk Street) នេះ ទទួលបាននូវភាពជោគជ័យ។ ចំពោះប្រជាពលរដ្ឋ ដែលពួកគាត់ទៅដើរកំសាន្តនៅផ្លូវថ្មើរជើងនិយាយថា គម្រោងនេះល្អ ពួកគាត់គាំទ្រពេញទំហឹង។

គួរបញ្ជាក់ថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street) នេះត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោង ដែលបានកំណង់ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕