(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ និងបំពាក់គ្រឿងឥស្សរិយយស មេដាយការងារជូនបុគ្គលិកអប់រំ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី តំណាងមន្ទីរជុំវិញខេត្ត នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ។

ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានអបអរសាទរដល់លោក ផាត សុខសាន្ត ចំពោះការតែងតាំងថ្មី ក្នុងការចូលកាន់តំណែងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ និងចូលរួមអបអរសាទរដល់បុគ្គលិកអប់រំទាំងអស់ ដែលត្រូវទទួលបានការបំពាក់នូវគ្រឿងឥស្សរិយយស និងមេដាយនាថ្ងៃនេះ ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់របស់លោកគ្រូ អ្នកគ្រូ ក្នុងការផ្ដល់នូវការអប់រំដ៏មានគុណភាពជូនដល់សិស្សានុសិស្ស។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសិក្សារបស់សិស្សានុសិស្សខេត្តត្បូងឃ្មុំ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំកន្លងទៅ ដែលអត្រាសិស្សប្រឡងជាប់ទទួលបាន រហូតដល់ជិត៨០% និងសិស្សដែលទទួលនិទ្ទេស A រហូតដល់ ៧០នាក់។

លោកបានបន្ដថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្នុងនោះមានមុំ២ ពាក់ព័ន្ធនឹងវិស័យអប់រំ ដែលមុំទី១ ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងមុំទី ៥ គឺការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រឌីជីថល និងបានដាក់ចេញនូវវិធានគន្លឹះក្នុងវិស័យអប់រំចំនួន៤រួមមាន៖

*ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន
*ទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស
*ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាម សាលារៀន
*ទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់ មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាម ពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»

កំណែទម្រង់វិស័យអប់រំ និងគោលនយោបាយអប់រំ ដើម្បីលើកកម្ពស់គុណភាពអប់រំ ដែលក្នុងនោះរួមមាន៖

* កំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ផ្អែកលើគោលការណ៍យុត្តិធម៌ និងតម្លាភាព
* កំណែទម្រង់គ្រូបង្រៀន ដោយការបង្កើនបៀវត្សគ្រូបង្រៀន ទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន លើកស្ទួយកិត្តិយស និងតួនាទីរបស់គ្រូបង្រៀននៅក្នុងសង្គម ដោយពង្រឹងការបណ្ដុះបណ្ដាលគ្រូប្រកបដោយគុណវុឌ្ឍិ
* កំណែទម្រង់សាលារៀន ដែលរួមមាន ការកែលម្អភាពជាអ្នកដឹកនាំរបស់នាយក ការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ការអនុវត្តតេស្តស្តង់ដា ដូចជា តេស្ត PISA ការយកចិត្តទុកដាក់លើគុណភាពគ្រូបង្រៀន និងការចូលរួមរបស់ មាតាបិតា និងសហគមន៍
* លើកកម្ពស់ ការអប់រំកុមារតូច ដែលរួមមាន ការទទួលបាននូវអាហារូបត្ថម្ភបានគ្រប់គ្រាន់ ការលើកកម្ពស់សុខុមាលភាពរបស់ម្តាយ ការរៀនតាមរយៈការលេង និងអភិវឌ្ឍគ្រូមត្តេយ្យ
* លើកកម្ពស់ការអប់រំកម្រិតមូលដ្ឋាន ដែលរួមមាន កម្មវិធីអំណានកម្រិតដំបូង និងគណិតវិទ្យាកម្រិតដំបូង ដែលជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា
* ការដាក់ឲ្យអនុវត្តស្តង់ដាសាលារៀនគំរូ ដោយក្រសួងបាននឹងកំពុងជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅគ្រប់តំបន់ដែលមានការប្តេជ្ញាចិត្តសម្រេចឲ្យបាននូវស្តង់ដាសាលារៀនគំរូចំនួន៥ ដែលក្រសួងបានដាក់ចេញ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងមក និងបានផ្តល់អនុសាសន៍ដល់ក្រុមការងារពាក់ព័ន្ធឲ្យផ្តោតសំខាន់ និងស្វែងយល់បន្ថែមលើតេស្ត PISA រៀបចំឲ្យមានការអានក្នុងបណ្ណាល័យយ៉ាងតិច ១ម៉ោង ក្នុងមួយសប្តាហ៍ និងជាពិសេសបានស្នើលោកប្រធានមន្ទីរថ្មី រៀបចំ និងពិនិត្យមើលគ្រប់គ្រឹះស្ថានសិក្សា ដើម្បីបន្តជួយគាំទ្របន្ថែម ក្នុងគោលដៅសម្រេចបានស្តង់ដាសាលារៀនគំរូ ដែលជាចក្ខុវិស័យអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា៕