(សៀមរាប)៖ នាព្រឹកថ្ងៃចន្ទ ទី៣​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទ រៀបចំពិធីសូត្រមន្តសុំសេចក្តីសុខ និងដាក់ឲ្យប្រើប្រាស់ទីស្នាក់ការ បញ្ជាការស្រាលប្រចាំតំបន់កំសាន្ត Pub-Street ដែលមានទីតាំងនៅលើសួនច្បារទល់មុខសណ្ឋាគារតាព្រហ្ម។ កម្មពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី និងសប្បុរសជនមួយចំនួនផងដែរ។

ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានការអនុញ្ញាតពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្រោមការផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានចាប់ផ្តើមសាងសង់ទីស្នាក់ការបញ្ជាការស្រាល ប្រចាំតំបន់កំសាន្ត Pub-Street ក្នុងថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើនភាពកក់ក្តៅដល់ប្រជាពលរដ្ឋផ្នែកសន្តិសុខ សុវត្ថិភាព និងងាយស្រួលក្នុងការអន្តរាគមន៍ជូនប្រជាជនរស់នៅតំបន់នេះផងដែរ។

គួរបញ្ជាក់ថា ទីស្នាក់ការបញ្ជាការស្រាល ប្រចាំតំបន់កំសាន្ត Pub-Street នេះ ក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជនមួយចំនួនរួមមាន៖

*ទី១៖ លោក សើ វណ្ណដា និងលោកស្រី ព្រេម សុគន្ធា ព្រមទាំងបុត្រ
*ទី២៖ លោក ឡុង ចាន់រិទ្ធ និងលោកស្រី លឿម ស៉ីណា
*ទី៣៖ លោក គង់ ឡាយហេង
*ទី៤៖ លោក កង សុទ្ធី និងលោកស្រី ចាន់ ហ៊ុយជូ ព្រមទាំងបុត្រ

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងអំណរគុណអាជ្ញាធរដែនដី និងសប្បុរសជនដែលបានជួយឧបត្ថម្ភគាំទ្រដល់កងរាជអាវុធហត្ថខេត្តសៀមរាប និងសូមគោរពជូននូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕