(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Santo Darmosumarto ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងការកោតសរសើរចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏រឹងមាំលើវិស័យនានារបស់ប្រទេសទាំងពីរ ជាពិសេសការគាំទ្ររបស់សាធារណរដ្ឋឥណ្ឌូណេស៊ីចំពោះដំណើរការសន្តិភាពនៅកម្ពុជា ព្រមទាំងបានបង្ហាញនូវក្តីរីករាយក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសន្តិសុខទឹក និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្ត្រី នៃក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនគណៈប្រតិភូ អំពីអាទិភាពការងារ និងចក្ខុវិស័យរបស់ក្រសួង ក្នុងការរួមចំណែកអនុវត្តន៍នូវគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖
១៖ បន្ដបង្កើនសក្ដានុពលធនធានទឹក តាមរយៈការបន្តស្តារ និងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រដើម្បីធានាការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព
២៖ ការពង្រឹង និងធ្វើទំនើបកម្មលើប្រព័ន្ធផ្ដល់ និងព្យាករណ៍សេវាជលសាស្រ្តនិងឧតុនិយម ក៏ដូចជាប្រព័ន្ធផ្តល់ដំណឹងជាមុន (Early Warning System) ដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធឱ្យបានទាន់ពេលវេលា
៣៖ បន្ដការរៀបចំនិងដាក់ចេញនូវច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្ត សម្រាប់វិស័យធនធានទឹក និងឧតុនិយម
៤៖ ការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការអភិវឌ្ឍធនធានមនុស្ស និងនវានុវត្តន៍
៥៖ ការលើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីការប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹក
៦៖ ពង្រឹងយន្តការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ក្នុងកិច្ចជំនួបនេះដែរ លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការសាទរចំពោះការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជានិងឥណ្ឌូណេស៊ី ព្រមទាំងបានរំលេចនូវសមិទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរលើគ្រប់កម្រិត។
ជាមួយគ្នានេះ លោក Santo Darmosumarto បានបញ្ជាក់ពីជំហររបស់សាធារណរដ្ឋឥណ្ឌូណេស៊ី នៅក្នុងការបន្តរក្សា និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅ តាមរយៈការសិក្សាលទ្ធភាពរៀបចំអនុស្សរណៈ នៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម រួមបញ្ចូលទាំងការផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបច្ចេកវិទ្យាសម្រាប់គ្រប់គ្រងអភិវឌ្ឍ និងអភិរក្សធនធានទឹក និងទំនើបកម្មវិស័យឧតុនិយម ជាពិសេសការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ការងារសហគមន៍ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ៕