(សៀមរាប)៖ ផ្លូវក្រាលដីល្បាយគ្រួសចំនួន០១ខ្សែប្រវែង ៥,៣៦៩ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថាបនាលូប្រអប់ចំនួន ៣កន្លែង និងលូមូលចំនួន៧កន្លែង ដោយចាប់ពីភូមិព្រៃខ្យង ឃុំក្រូចគរ ស្រុកក្រឡាញ់ ភ្ជាប់ទៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំខេត្តសៀមរាប ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយផ្តល់តាមរយះគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ពិធីនេះ ​ក្រោមវត្តមានរបស់អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងលោក អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាគណៈកម្មការអន្តរក្រសួង ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនផងដែរ។

អ្នកឧកញ៉ា សៀង ណាំ បានលើកឡើងថា ផ្លូវ១ខ្សែនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋក្នុងភូមិព្រៃខ្យង ឃុំក្រូចគរ ស្រុកក្រឡាញ់ និងភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ ព្រោះកន្លងមក និងបច្ចុប្បន្ននេះ ពួកគាត់បានជួបនូវផលពិបាកខ្លាំងក្នុងការធ្វើដំណើរមកទទួលសេវានានា ជាពិសេសអ្នកមានជំងឺ និងស្ត្រីមានផ្ទៃពោះ មកពិនិត្យ និងសម្រាលកូននៅមណ្ឌលសុខភាព ពិបាកក្នុងការដឹកកសិផលមកកាន់ទីផ្សារ សិស្សានុសិស្សពិបាកធ្វើដំណើរទៅសាលារៀន ហើយនៅពេលផ្លូវនេះបានធ្វើរួចរាល់ វានឹងជួយសម្រួលបានច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

អ្នកឧកញ៉ាបញ្ជាក់ថា ការបើកការដ្ឋានជួសជុលផ្លូវនេះ គឺឡើងក្នុងស្ថានភាពដែលប្រទេសកម្ពុជាយើង កំពុងស្ថិតលើមាគ៌ាអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអ្នកបន្តវេនប្រកបដោយសក្តានុពលពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលជាមគ្គុទេសក៍ឯក ជាស្ថាបនិកនៃសន្តិភាព និងការបង្រួបបង្រួមជាតិ។

លោក អ៊ិន ចន្ថា បានលើកឡើងថា សមទ្ធិផលជាច្រើនត្រូវបានស្ថាបនា និងកសាងឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់និន្នាការទាំងអស់ ជាពិសេស ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មានភាពរឹងមាំ និងស្ថិតស្ថេររហូតមកដល់បច្ចុប្បន្ន និងបន្តទៅមុខទៀតប្រកបដោយភាពប្រាកដនិយម និងទំនុកចិត្តខ្ពស់ពីសំណាក់ប្រជា ពលរដ្ឋគ្រប់ស្រទាប់។

លោកបន្តថា ការរីចម្រើននេះ មិនត្រឹមតែក្នុងទីក្រុង និងទីប្រជុំជនប៉ុណ្ណោះទេ តំបន់ជនបទ ក៏ទទួលបាននូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវជនបទផងដែរ ព្រមទាំងបានផ្លាស់ប្តូរទៅជាផ្លូវកៅស៊ូពីរជាន់ ផ្លូវបេតុង និងផ្លូវល្បាយក្រួស ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាពាសពេញផ្ទៃប្រទេស ដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

លោកបានបន្តថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ចក្ខុវិស័យ, គោលនយោបាយ, បេសកកម្ម និងយុទ្ធសាស្ត្រ គន្លឹះមួយចំនួនសម្រាប់រយៈពេល ៥ឆ្នាំបន្ត ២០២៤ -២០២៨ និងបានរៀបចំរចនាសម្ព័ន្ធ កម្មវិធីអាទិភាពចំនួន៥ រួមមាន÷ ទី១- ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ទី២- ការលើកកម្ពស់ការ ទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ទី៣- ជំរុញការអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនា ភូមិគំរូ, ទី៤- លើកកម្ពស់ការធ្វើពិពិធកម្មសដ្ឋកិច្ចជនបទ និងទី៥, ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។

លោកបន្ថែមថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍នៅជនបទ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញដំណើរការអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច រវាងតំបន់ជនបទ និងទីប្រជុំជន។ ផ្លូវនៅជនបទ បានដើរតួជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការតភ្ជាប់សកម្មភាព ធុរកិច្ចផ្សេងៗ ក្នុងតំបន់ឱ្យមានភាពរស់រវើក និងកាន់តែសកម្មថែមទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅជនបទ។

លោកបញ្ចាក់ថា ការលើកកម្រិតផ្លូវជនបទពីផ្លូវដីសទៅជាផ្លូវល្បាយក្រួស ឬផ្លូវក្រាលកៅស៊ូ ឬក្រាលបេតុង គឺបានជួយសម្រួល និងផ្តល់ផលប្រយោជន៍ជា ច្រើនដល់ប្រជាជននៅជនបទ ដូចជា៖ ភាពងាយស្រួលក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងមានភាពងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ។

ជាមួយនេះដែរ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដល់ដោយប្រការណាមួយ ក្នុងអំឡុងពេលក្រុមការងារកំពុងចុះអនុវត្តការងារផងដែរ៕