(កំពង់ឆ្នាំង)៖ សិក្ខាកាមជាយោធាចំនួន ៨០នាក់ បានសិក្សាបញ្ចប់វគ្គហ្វឹកហ្វឺនយុទ្ធវិធីឯកទេសការពារគីមីសាស្រ្តជំនាន់ទី១៣ រយៈពេល៩ខែ ឆ្នាំ២០២៤ ដោយជោគជ័យ។ ពិធីបិទវគ្គហ្វឹកហ្វឺននេះបានធ្វើឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, លោកឧត្ដមសេនីយ៍ឯក ឈឹម សាវុធ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការពារគីមីសាស្រ្តអគ្គបញ្ជាការ នៅសាលាហ្វឹកហ្វឺនការពារគីមីសាស្ត្រ (លង្វែក) ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ វង្ស វាសនា បានថ្លែងថា ការហ្វឹកហ្វឺនបានដើរតួនាទីសំខានសម្រាប់ការអភិវឌ្ឍធនធានមនុស្ស រួមចំណែកដល់ការកែទម្រង់ និងពង្រឹងវិស័យការពារជាតិ។
នាយឧត្តមឧត្តមសេនីយ៍ វង្ស វាសនា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដឹកនាំការងារហ្វឹកហ្វឺនរបស់ទីចាត់ការការពារគីមីសាស្ត្រ និងសិក្ខាកាមទាំងអស់ដែលបានពុះពាររាល់ការលំបាក ជំរុញដំណើរការហ្វឹកហ្វឺនចាប់ពីផ្តើមរហូតដល់ពេលបញ្ចប់វគ្គ សម្រេចបានលទ្ធផលប្រកបដោយជោគជ័យ។ ការបិទវគ្គនេះ ពិតជាបានឆ្លើយតបទៅនឹងចរន្តនៃការបង្កើនសមត្ថភាពធនធានមនុស្សក្នុងកងទ័ព តាមរយៈការហ្វឹកហ្វឺនរួមចំណែកដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ និងធ្វើឱ្យវិស័យការពារជាតិកាន់តែរឹងមាំ។
នាយឧត្តមសេនីយ៍ វង្ស វាសនា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ផ្តល់អាទិភាពដល់វិស័យអប់រំ ក្នុងការអភិវឌ្ឍធនធានមនុស្ស សំដៅកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើន លើផ្អែក ចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន និងសមាហរណកម្មទៅនឹងការរីកចម្រើន នៃវិទ្យាសាស្រ្ត បច្ចេកវិទ្យានាសម័យទំនើប។
នាយឧត្តមសេនីយ៍ វង្ស វាសនា បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាល និងការអភិវឌ្ឍទៅបានក៏អាស្រ័យលើកត្តាសង្គមជាតិមានសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន ពុះពារគ្រប់ឧបសគ្គដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ វង្ស វាសនា បានលើកឡើងថា កងយោធពលខេមរភូមិន្ទ ជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវកម្ចាត់ចោលភ្លាមនូវបដិវត្តន៍ពណ៌ និងក្រុមជ្រុលនិយមដែលមានចរិតបង្កចលាចលក្នុងសង្គម រក្សាឱ្យបានស្ថេរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវពង្រឹងជំហរស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់មនសិការស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិ និងប្រជាជន។ ទន្ទឹមនេះត្រូវយកចំណេះដឹង ដែលបានពីការសិក្សា មកប្រែក្លាយទៅជាការអនុវត្តជាក់ស្ដែងក្នុងការបំពេញ ភារកិច្ចដែលអង្គភាពប្រគល់ឱ្យ។
បើយោងតាមការណ៍របស់លោកឧត្តមសេនីយ៍ឯក ឈឹម សាវុធ នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនាយកទីចាត់ការការពារគីមីសាស្ត្រ បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនយុទ្ធវិធីឯកទេសការពារគីមីសាស្រ្តជំនាន់ទី១៣ ដែលបានប្រារពបិទនាពេលនេះមានសិក្ខាកាមចំនួន ៨០នាក់ ដោយសិក្សារយៈពេល ៩ខែ លើខ្លឹមសារចំនួន៦មុខវិជ្ជា ជាលទ្ធផលប្រឡងបញ្ចប់វគ្គ និទ្ទេសល្អ ៣៤នាក់ ល្អបង្គួរ ២៨នាក់ និងមធ្យម ០៧នាក់៕