(ពោធិ៍សាត់)៖ ស្ពានលេខ២៨ ស្ពានដែលខ្ពស់ជាងគេ មានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣០ម៉ែត្រ ស្ថិតនៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១០ សម្រេចការសាងសង់បាន ៩៣% គ្រោងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។

សម្រាប់ផ្លូវជាតិលេខ ១០ ចាប់ពីភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន ៩៦,១៦%។

នេះបើតាមការបញ្ជាក់ឱ្យដឹងនាឱកាសដែលលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០នេះ នាព្រឹកថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

សម្រាប់ការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប ១៩៨,៥១គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK ៣៥+៩០០ ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលការសាងសង់បានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដែលតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពី East Line មក West Line មានប្រវែង ៦៥,៧៤គីឡូម៉ែត្រ ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៦,១៦% គិតត្រឹមខែធ្នូ ឆ្នាំ២០២៤។

ដោយឡែកសម្រាប់ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ បច្ចុប្បន្នស្ពានខ្ពស់ជាងគេនេះ សម្រេចការសាងសង់បាន ៩៣%ហើយ ដែលមានន័យថាស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ស្ពាននេះស្ថិតក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានចំណុចកណ្តាលស្ពានស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើ​មានធ្នឹមប្រភេទអក្សរ (T) ផ្នែកខាងកើតមាន ៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន ៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ (T) មាន៥ប្រឡោះ ចំណែកឯសំណង់​ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង៕