(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងទេសចរណ៍, អាជ្ញាធរអាធរសវនកម្មជាតិ, រដ្ឋបាលរាជធានី-ខេត្ត, មន្ទីររ៉ែ និងថាមពលរាជធានី-ខេត្ត, អគ្គិសនីកម្ពុជា, សមាគមអគ្គិសនីជនបទ, អាជ្ញាធរមូលដ្ឋាន, អ្នកប្រើប្រាស់ និងអ្នកកាន់អាជ្ញាបណ្ណ ផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជានៅទូទាំងប្រទេសចំនួន ៦៨៣នាក់។
យោងតាមរបាយការណ៍របស់លោក យឹម វិសិដ្ឋ ប្រធានអគ្គិសនីកម្ពុជា បានឱ្យដឹងថា វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យអគ្គិសនី ដែលទទួលបានរហូតមកដល់ចុងឆ្នាំ២០២៤ រួមមានការអភិវឌ្ឍបង្កើនសមត្ថភាពប្រភពអគ្គិសនី អានុភាពសរុបនៃប្រភពអគ្គិសនីដែលបានអភិវឌ្ឍកើនឡើងពី ៤,៦៤៩មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២៣ ដល់ ៥,០៤៤មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២៤ ឯបរិមាណថាមពលដែលបានប្រើប្រាស់ចេញពីប្រភពអគ្គិសនីខាងលើបានកើនឡើងពី ១៦,៨០៤លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៣ មក ១៩,៤១៩លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០២៤។
ចំពោះការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនី នៅក្នុងឆ្នាំ២០២៤ បានអភិវឌ្ឍបណ្តាញបញ្ជូនថែមចំនួន ១៨២គីឡូម៉ែត្រ និងសាងសង់អនុស្ថានីយចំនួន២ ថែមទៀត ធ្វើឱ្យបច្ចុប្បន្ននេះ យើងមានខ្សែបញ្ជូនសរុបចំនួន ៣,៨៩០គីឡូម៉ែត្រ និងមានអនុស្ថានីយចំនួន៧០ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានី/ខេត្ត ចំនួន២៥ ផ្ទាល់ទូទាំង ប្រទេសរួចហើយ។
ចំពោះការអភិវឌ្ឍបង្កើនសមត្ថភាពនៃបណ្តាញបញ្ជូនរង និងបណ្តាញចែកចាយ គឺពឹងផ្អែកលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធចំនួន៣ គឺ១៖ ខ្សែបណ្តាញ MV, ២៖ ត្រង់ស្ទចែកចាយ និង៣៖ ខ្សែបណ្តាញ LV។ រហូតដល់ចុងឆ្នាំ ២០២៤ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន៩៩.១៥% នៅចុងឆ្នាំ២០២៤ គឺកើនឡើងចំនួន ០.២៨% ប្រៀបធៀបឆ្នាំ២០២៣ ដែលមកដល់ចុងឆ្នាំ២០២៤ នេះ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន១២០។
លោក យឹម វិសិដ្ឋ បានបញ្ជាក់ថា ផ្នែកតាមគម្រោងផែនការ ក្នុងរយៈពេល២-៣ខាងមុខ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាព ពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ៥១ ភូមិទៀត ដូច្នេះ យើងអាចសល់ភូមិចំនួន៦៩ ត្រូវជា ០.៤៩% ដែលអាចពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។ ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជា ភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំង តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់កោះ តំបន់រស់នៅបណ្តែតទឹក តំបន់លិចទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ តំបន់តាំងទីលំនៅថ្មី ជាដើម ដែលត្រូវការទុនយ៉ាងច្រើន និងមានភាពស្មុគស្មាញ ប្រសិនបើយើងត្រូវពង្រីកការផ្គត់ផ្គង់ពីបណ្តាញជាតិទៅកាន់ទីនោះ។
នៅឆ្នាំ២០២៤ ការភ្ជាប់បណ្តាញអគ្គិសនីឱ្យអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅកម្ពុជា បានកើនដល់ ៣,៨៥៥,៨៨០ទីតាំង គឺកើនឡើងចំនួន ១៥០,៣៧៥ទីតាំង ប្រៀបធៀបឆ្នាំ២០២៣។ តាមស្ថិតិនេះ នៅចុងឆ្នាំ២០២៤ លំនៅឋានដែលបានភ្ជាប់ចរន្តអគ្គិសនីរួច មានចំនួន ៣,៥៩៨,២៣៩ ស្មើ ៩៥.២៤% នៃលំនៅឋានសរុប៕