(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបន្តរៀបចំប្រឡងសិស្សពូកែទូទាំងប្រទេស ឆ្នាំសិក្សា២០២៤-២០២៥ ឡើងវិញ។ នេះបើតាមលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានចេញលិខិតមួយ ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ដោយសម្រេចផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ប៉ុន្តែក្រសួងលើកទឹកចិត្តឱ្យបណ្តារាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត ដោយខ្លួនឯង។
បន្ទាប់ពីការផ្អាកនេះ មានសាធារណជនជាច្រើន ពិសេសនៅតាមបណ្តាញសង្គមបានបង្ហាញការមិនពេញចិត្ត ចំពោះការសម្រេចរបស់ក្រសួងអប់រំ។ ទើបនៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានសម្រេចឱ្យបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឡើងវិញ។
នៅក្នុងលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «នៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា ២០២៣-២០២៤។ ក្រសួងនឹងចេញសេចក្តីណែនាំបច្ចេកទេស សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានីខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥»។
ការប្រឡងសិស្សពូកែ ត្រូវបានចាត់ទុកថា ជាការជំរុញលើកទឹកចិត្តមួយ ឱ្យសិស្សានុសិស្សដែលមានសមត្ថភាព រៀនសូត្រពូកែ អាចបញ្ចេញសមត្ថភាពរបស់ខ្លួន៕