(ភ្នំពេញ)៖ ឆ្នាំ២០១៥ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចំណាយថវិកាអស់តិចជាង ផែនការកំណត់២.៥% ក៏ប៉ុន្តែចំនួននេះបានកើនឡើង ៤.២% បើប្រៀបធៀបទៅនឹងការអនុវត្តការចាយវាយកាលពីឆ្នាំ២០១៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលផ្លូវការ នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ឲ្យដឹងថា ការចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០១៥ អនុវត្តបានចំនួន ១៤.៦៦០.១៤៧,១ លានរៀល ស្មើនឹង១៩.៩៧% នៃផ.ស.ស. គឺទាបជាងច្បាប់គ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ២០១៥ ប្រមាណ២.៥%។ សម្រាប់ឆ្នាំ២០១៥នោះ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាសរុប ១៥,០៣៥,២២៩លានរៀល មានកំណើន១០.៦% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ ស្មើនឹង២០.២០% នៃផលិតផលក្នុងស្រុកសរុប។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បង្កើនចំណាយលើវិស័យអប់រំ ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ វិស័យសុខាភិបាល វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដែលជាមូលដ្ឋានគ្រឹះ នៃការជំរុញកំណើន និងការប្រកួតប្រជែងរបស់កម្ពុជា។
ចំណែកលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ ២០១៥ រួមមាន៖ ចំណូលថវិកាជាតិ (ថវិកាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ) ឆ្នាំ២០១៥ អនុវត្តបានចំនួន ១៧.០៦៦.៥៨០,៩ លានរៀល ស្មើនឹង ២៣,២៤% នៃផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ៨.០% ផងដែរ៕