(ឧត្តរមានជ័យ)៖ សាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ បានចុះសង្កេត និងទិញយកគំរូទឹកត្រី ទឹកស៊ីអ៊ីវ ពីផ្សារចំកាចេក និងផ្សារថ្មីអូស្មាច់ យកមកវិភាគ នៅមន្ទីរពិសោធន៍ រកសាធាតុគីមីហាមឃាត់ ដើម្បីឆ្លើយតបទៅ នឹងពាក្យចរចាមអារាមមួយចំនួន ពីសំណាក់ប្រជាពលរដ្ឋ។
លោក ពេជ្រ ភារម្យ អនុប្រធានសាខាកាំកុងត្រូលខេត្តបានប្រាប់ឲ្យដឹងថា នៅក្នុងឱកាសចុះត្រួតពិនិត្យទំនិញ ទាំងពីរផ្សារខាងលើ មន្រ្តីជំនាញបានទិញទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស និងទឹកជ្រលក់យកមកគំរូ ដើម្បីយកមក ពិនិត្យនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ក្រោយពីទិញទឹកត្រី ទឹកស៊ីអ៊ីវ នៅផ្សារទាំងពីរ យកមកពិនិត្យ នៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានរួចមក កម្លាំងចម្រុះក៏រឹបអូសបានទំនិញ ដែលហួសកាលបរិច្ឆេទរួមមាន សណ្ដែកហោណាំតៅចំនួន៩កំប៉ុង ទឹកម្ទេសចំនួន៤ដប ទឹកប្រឡាក់សាច់មាន់ ចំនួន១៥ដប ទឹកប៉េងបោះ ចំនួន ៨ដប និងផ្សឹតចំនួន កំប៉ុង៥កំប៉ុង និងការផ្សព្វផ្សាយអប់រំដល់អាជីវករ ប្រជាពលរដ្ឋ ជាពិសេសបានចែកនូវផ្ទាំង Poster ដល់ប៉ុស្តិ៍ រដ្ឋាបាល និងប្រជាការពារដែលបានចូលរួមផង ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្ត។ ដោយឡែក អាជីវកដែលមន្ត្រីបានដកហូតទំនិញខាងលើនេះ បានធ្វើកិច្ចសន្យាបញ្ឈប់នាំយកទំនិញដកហូតខាងលើនេះបន្តទៀតបើ មិនដូច្នោះទេសមត្ថកិច្ចជំនាញ និងចាត់ការតាមផ្លូវច្បាប់ជាធរមាន៕