(បាត់ដំបង)៖ គោរពតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យក្រសួងធនធានទឹក និងឧតុនិយមត្រូវតែចុះទៅដល់គ្រប់ទីតាំង ដើម្បីអន្តរាគមន៍ជួយដោះស្រាយបញ្ហាទឹកជូនដល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង រួមជាមួយលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ១៧០០ហិកតា នៅឃុំស្នឹង និងបានជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

សូមជម្រាបថា នៅឆ្នាំ២០២៥នេះ បើតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋានអំពីផែនការស្រូវប្រាំង ក្នុងខេត្តបាត់ដំបងមានចំនួន ២៧០០០ហិកតា ប៉ុន្តែការអនុវត្តជាក់ស្តែងមានរហូតដល់ ៨៦១១៥ហិកតា។ ដោយឡែកនៅក្នុងភូមិទាំង១១ នៃឃុំស្នឹង ស្រុកបាណន់ ផែនការស្រូវប្រាំងមានចំនួន ៨០០ហិកតា តែការបង្កបង្កើនផលមានចំនួនប្រមាណ ១៧០០ហិកតា ក្នុងនោះបើទោះបីជា ក្រុមការងារបានយកចិត្តទុកដាក់នៅក្នុងការអន្តរាគមន៍ដើម្បីបូមទឹកជួយសង្គ្រោះយ៉ាងណាក៏នៅមានស្រូវចំនួន ៣ហិកតា បានទទួលរងការខូចខាតទាំងស្រុង ដោយសារតែស្ថិតនៅឆ្ងាយពីប្រភពទឹកខ្លាំងពេក។

លោករដ្ឋមន្ត្រី និងក្រុមការងារក៏បានចុះពិនិត្យស្ថានភាពទឹកនៅទំនប់ពហុបំណង បាត់ដំបង (សេកសក) ដែលស្ថិតក្នុងស្រុករតនមណ្ឌល ព្រមទាំងចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកកំពីងពួយ និងជួបសំណេះសំណាលដោយភាពស្និទ្ធស្នាលជាមួយប្រជាកសិករ សហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបងផងដែរ។ នៅពេលនេះ ទឹកក្នុងទំនប់ពហុបំណង បាត់ដំបង(សេកសក) មានប្រមាណ ៧០លានម៉ែត្រគូប និងអាងទឹកកំពីងពួយ មានប្រមាណ ៣០លានម៉ែត្រគូប។

ឆ្លើយតបចំពោះសំណូមពរក៏ដូចជាកង្វល់របស់បងប្អូនប្រជាកសិករ លោករដ្ឋមន្ត្រីបានជម្រាបជូនពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ប្រៀបដូចជាឪពុកម្តាយដែលតែងតែចង់ឱ្យកូនមានបាន ដោយខិតខំរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងណាដើម្បីជួយឱ្យកូនមានជីវភាពកាន់តែប្រសើរឡើង។ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅក្នុងអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគិតគូរជួយដោះស្រាយកង្វល់របស់កសិករ ដោយប្រើប្រាស់យុទ្ធសាស្ត្រថ្មីជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ជាមួយនឹងការណែនាំឱ្យប្រើប្រាស់ពូជស្រូវដែលមានគុណភាពល្អ និងមានគុណសម្បត្តិស្របតាមតម្រូវការនាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេស។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសំណូមពរដល់បងប្អូនប្រជាកសិករឱ្យរួមសហការគ្នា ហើយស្តាប់តាមការណែនាំរបស់អាជ្ញាធរក្នុងមូលដ្ឋាន ជាពិសេសលោកមេឃុំដែលជាអ្នកនៅផ្ទាល់តែម្ដង ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកើតមានឡើងចំពោះមុខ ដើម្បីទទួលបានភាពរីកចម្រើនទាំងអស់គ្នា។

សូមបញ្ជាក់ថា ទំនប់ពហុបំណង បាត់ដំបង(សេកសក) ស្ថិតក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានសក្តានុពលអាចស្ដុកទឹកបានប្រមាណ ១៩៣លានម៉ែត្រគូប និងមានតួនាទីផ្តល់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីបង្កបង្កើនផល ការផលិតថាមពលអគ្គិសនីជាង ១៣មេហ្គាវ៉ាត់ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ចំណែកអាងទឹកកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានសក្តានុពលអាចស្ដុកទឹកបានប្រមាណ ១៤៦លានម៉ែត្រគូប។ បច្ចុប្បន្ននេះ ទំនប់អាងទឹកទាំងពីរបានក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត និងទាក់ទាញបំផុតមួយ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

នៅរសៀលថ្ងៃដដែល លោករដ្ឋមន្ត្រី និងក្រុមការងារក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៨៦៦ហិកតា ដែលប្រឈមនឹងកង្វះទឹកស្រោចស្រពនាពេលខាងមុខ ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអន្តរាគមន៍ជួយសង្គ្រោះឱ្យបានទាន់ពេលវេលា និងបានចុះពិនិត្យទីតាំងដែលមានជំនន់ទឹកភ្លៀងជន់លិចនៅចំណុចព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងឱកាសចុះពិនិត្យការងារនេះដែរ លោករដ្ឋមន្ត្រីក៏បានណែនាំដល់ក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារស្រោចស្រព និងត្រូវត្រៀមជានិច្ចសម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ ក្នុងករណីមានការខ្វះខាតទឹកសម្រាប់ការងារបង្កបង្កើនផល។

សូមបញ្ជាក់ថា ផែនការធ្វើស្រូវរដូវប្រាំងនៅទូទាំងខេត្តប៉ៃលិនមានចំនួន ៥០០ហិកតា ប៉ុន្តែការអនុវត្តជាក់ស្តែងរបស់ប្រជាកសិករមានរហូតដល់ ១៦២០ហិកតា ដែលធ្វើឱ្យស្រូវប្រាំងចំនួនប្រមាណ ៨៦៦ហិកតា ត្រូវប្រឈមមុខនឹងបញ្ហាកង្វះទឹកស្រោចស្រពនាពេលដ៏ខ្លីខាងមុខ៕