(កំពត)៖​ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅព្រឹក ថ្ងៃទី០២ ខែកុម្ភ:​ ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល​ និង​ពិនិត្យមើលខ្សែច្រវាក់ផលិតកម្មកែច្នៃអំបិលរបស់សហគ្រាស​ ថូង​ អ៉ិនធ័រប្រាយស៍​ ដែលផលិត​ និងកែច្នៃអំបិលធម្មជាតិ ប្រកបដោយស្តង់ដារសុវត្ថិភាព​ និងមានសម្គាល់ភូមិសាស្ត្រទំនិញ GI កំពត-កែប​ សម្រាប់បម្រើទីផ្សារក្នុងស្រុក​ និងនំាចេញទៅកាន់ទីផ្សារក្រៅប្រទេស​ ពិសេសទៅសហគមន៍អឺរ៉ុប។

លោក​បណ្ឌិតបានកោតសរសើរលើការផលិត​ និងកែច្នៃអំបិលរបស់សហគ្រាស​ ថូង​ អ៉ិនធ័រប្រាយស៍​ ក្នុងផ្គត់ផ្គង់អំបិលប្រកបដោយស្តង់តារសុវត្ថិភាព ដល់អ្នកប្រើប្រាស់ ហើយក៏បានអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់ជួយគំាទ្រផលិតផលអំបិលកំពត​ផងដែរ។

សូមបញ្ជាក់ផងដែរថា សគ្រាសនេះ បាននិងកំពុងផលិតអំបិលចំនួន​ ​៣ប្រភេទ​ គឺអំបិលម៉ត់​ អំបិលគ្រួស និងផ្កាអំបិល​ ដែលត្រូវបានទទួលស្គាល់ដោយ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ HACCP និងប្រព័ន្ធគ្រប់គ្រងគុណភាព ISO9001: 2015​ ហើយមានប្រជាសិករជាអ្នកផលិតអំបិល​ ដែលជាសមាជិកប្រហែល​២០គ្រួសារ​។ ដោយឡែកសម្រាប់ទិន្នផលអំបិល ដែលផលិតបានជាមធ្យមប្រចាំខេត្តកំពត ប្រហែលចំនួន​ ៧-១០ម៉ឺនតោន​ ក្នុងមួយឆ្នាំ។