(កំពង់ស្ពឺ)៖ ក្មេងទំនើង២ក្រុមមានគ្នា១០នាក់ ដែលបានបើកឆាកប្រយុទ្ធគ្នានៅផ្លូវជាតិលេខ៤ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាពេលថ្មីៗនេះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនបានទាំងអស់ ហើយកសាងសំណុំរឿងបញ្ជូនដល់ដៃតុលាការចាត់ការតាមនីតិវិធីច្បាប់។

ប្រភពពីមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១១:២៨នាទី កម្លាំងអាវុធហត្ថនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឃាត់ខ្លួនក្មេងទំនើងចំនួន២ក្រុម មានគ្នាចំនួន១០នាក់ (ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា) ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ មុខវិទ្យាល័យសុខាផល្លី ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មន្ត្រីអាវុធហត្ថខេត្តបានបន្តថា ក្មេងទំនើងទាំង២ក្រុមនោះ ក្រុមទី១ មានគ្នាចំនួន៥នាក់៖ ឈ្មោះ ស៊ឹម រិទ្ធី អាយុ២៨ឆ្នាំ ឈ្មោះ ចក់ ណារ៉ាត់ អាយុ២៥ឆ្នាំ ឈ្មោះ ផេង សុឃៀង អាយុ២១ឆ្នាំ ឈ្មោះ យ៉ន កុសល់ អាយុ២០ឆ្នាំ និងឈ្មោះ រិទ្ធ ភារម្យ អាយុ១៩ឆ្នាំ។ ក្រុមទី២ មានគ្នាចំនួន៥នាក់ដូចគ្នា៖ ឈ្មោះ យន វិសាល អាយុ២១ឆ្នាំ ឈ្មោះ សឿន ផាក់ អាយុ២០ឆ្នាំ ឈ្មោះ ស៊ុយ សៅដេត អាយុ២១ឆ្នាំ ឈ្មោះ ប៉ឹង ដារ៉ា អាយុ១៨ឆ្នាំ និងឈ្មោះ ចាន់បូរ សេងហ៊ី អាយុ១៨ឆ្នាំ។ ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានដកហូតយកវត្ថុតាងជាម៉ូតូចំនួន៥គ្រឿង។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង២ក្រុមរួមនឹងម៉ូតូ៥គ្រឿងជាវត្ថុតាងនោះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕