(សៀមរាប)៖ កម្លាំងសមត្ថកិច្ចគយនៅច្រកអ្នកដំណើរមកដល់ នៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចាប់ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ចំនួន ៥៥គ្រឿង ដែលឈ្មួញបានលួចនាំចូលមិនបង់ពន្ធ។
ទូរស័ព្ទនេះ ត្រូវបានសមត្ថកិច្ចគយចាប់បាននាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅច្រកអ្នកដំណើរមកដល់នៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ឈ្មួញលួចនាំទូរស័ព្ទចូលនេះមានឈ្នោះ HO CHUN NANG JIVE ភេទប្រុស សញ្ជាតិចិនហុងកុង ធ្វើដំណើរតាមជើងហោះហើរលេខ UO706 (ហុងកុង-សៀមរាប)។
មន្ត្រីគយ បានឲ្យដឹងថា ទូរស័ព្ទដែលចាប់បាននោះមានiPhone 7 ចំនួន ១២គ្រឿង និង iPhone 7 plus ចំនួន ៤៣គ្រឿង។ ក្រោយធ្វើការត្រួតពិនិត្យមន្ត្រីគយ បានធ្វើកំណត់ហេតុល្មើសច្បាប់គយ និងបញ្ជូនមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីសម្រេចវិនិច្ឆ័យបង់ពន្ធ និងប្រាក់ពិន័យតាមច្បាប់ជាធរមាន៕