(ភ្នំពេញ)៖ ជាមួយរូបភាពជាច្រើនសន្លឹកនៅលើទីលានវាយកូនហ្គោល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការពេញ​ចិត្តលើសារក្រើនរំលឹកមួយចំនួនពាក់ព័ន្ធភាពកតញ្ញូរបស់កូនចៅចំពោះឪពុកម្តាយ ដែលសូម្បីសម្តេចក៏រសៀនសូត្រតាមផងដែរ។

សារក្រើនរំលឹកដែលនាំឱ្យសម្តេចតេជោ ពេញចិត្តនោះមានរួមមាន៖ «កុំយកចំណីអាហារមកឱ្យពុកពេលពុកមិនអាចទទួល, យំសោកស្តាយស្រណោះពេលពុកស្តាប់មិនឮ។ល។»

សម្តេចតេជោ បានបង្ហាញការពេញចិត្តលើសារអប់រំទាំងនេះ សម្រាប់កូនៗ ឬចៅៗ ឬភរិយាឬស្វាមី។

ទន្ទឹមនឹងការពេញចិត្តលើសារខាងលើនេះហើយ សម្តេចតេជោ ក៏បានដាក់សារ៣បន្ថែម ទៅកាន់ភរិយា កូនៗ និងចៅរបស់សម្តេចផងដែរ។

សារទាំង៣នោះរួមមាន៖

១៖ សូមកុំលើកទឹកចិត្តប្តី ឬឪពុក ឬជីតា ទៅវាយកូនគោលពេល​ខ្ញុំមិនមានកម្លាំងវាយ។

២៖ កូនប្រុសទាំងបីកុំបបួលពុក ទៅវាយកូនគោល​ពេល​ពុក​ដើរមិនរួច។

៣៖ កូនប្រុសទាំងបីកុំយកឧបករណ៍វាយកូន​គោលដែលវាយ​បាន​ឆ្ងាយ​និងត្រង់មកឱ្យពុកមើល ពេលពុកមិនអាចបើកភ្នែកមើលបាន។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា សាររបស់សម្តេចនឹងទទួលបានការ​ឆ្លើយតបសម្រាប់ពេលមានកម្លាំងដូចពេលនេះ៕