(ភ្នំពេញ)៖ ដើម្បីជៀសវាងការបកស្រាយដោយគ្មានមូលដ្ឋានច្បាស់លាស់ ពាក់ព័ន្ធនឹងការផ្អាកគម្រោងជំនួយរបស់សហរដ្ឋអាមេរិក នៅតាមខេត្តគោលដៅទាំង៨ខេត្តនោះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអង្គភាស៉ីម៉ាក់ (CMAC) បានចេញពន្យល់បន្ថែមជុំវិញកិច្ចការនេះ ដោយលោកសង្កត់ធ្ងន់ថា អង្គភាពស៉ីម៉ាក់ផ្អាកតែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ​ ក្រៅពីនោះស៉ីម៉ាក់នៅតែបន្តឆ្លើយតម្រូវការរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

គួរជម្រាបថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ ស៉ីម៉ាក់ (CMAC) បានជូនដំណឹងអំពីការផ្អាកប្រតិបត្តិការបណ្តោះអាសន្ននៅខេត្តកំពង់ចាម​ ក្រចេះ​ មណ្ឌលគិរី​ រតនគិរី​ ស្ទឹងត្រែង​ ត្បូងឃ្មុំ​ ស្វាយរៀង​ និងខេត្តព្រៃវែង​ ដោយសារតែអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៉ីម៉ាក់ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយ​ទាំងឡាយ។ ការផ្អាកនេះ មិនមែនតែប្រទេសកម្ពុជាទេ គឺក្នុងក្របខណ្ឌទូទាំងពិភពលោកតែម្ដង​។

ដើម្បីជៀសវាងការបកស្រាយដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលអាចនាំឱ្យមានការយល់ច្រឡំ និងការព្រួយបារម្ភពីសំណាក់សាធារណជន ជាក់ស្ដែង នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហេង រតនា និងថ្នាក់ដឹកនាំអង្គភាពស៉ីម៉ាក់ បានជួបសំណេះសំណាល និងផ្សព្វផ្សាយការងារពាក់ព័ន្ធការផ្អាកគម្រោងជំនួយរបស់សហរដ្ឋអាមេរិក និងប៉ះពាល់ដល់សកម្មភាពប្រតិបតិ្តការខ្លះរបស់អង្គភាពនៅខេត្តគោលដៅទាំង៨ខេត្តនោះ។

លោក ហេង រតនា បានឱ្យដឹងថា​ កម្លាំងនេះជាកម្លាំងបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ ជាគោល ​មិនសំដៅលើការបោសសម្អាតគ្រាប់មីន ឬចម្ការមីននោះទេ។ ម្យ៉ាងវិញទៀត ដោយសារមានអ្នកយល់បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមមិនច្បាស់ ទើបមានការបកស្រាយខុស។

លោកអគ្គនាយកបានបញ្ជាក់ជាថ្មីថា​ «អង្គភាពស៉ីម៉ាក់ផ្អាកតែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ​ ដូចនេះកម្លាំងអង្គភាពស៉ីម៉ាក់បន្តឆ្លើយតម្រូវការរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខេត្តទាំងឡាយ​ តាមសំណូមពរជាធម្មតា»

លោកពន្យល់ទៀតថា សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា អាចបែងចែកជា៥បញ្ហាសំខាន់៖
១.​ បញ្ហាគ្រាប់មីន៖​ មានគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទ និងគ្រាប់មីនប្រឆាំងយានយន្ត​មានប្រមាណ៤-៦​លានគ្រាប់។
២.​ បញ្ហាគ្រាប់បែកចង្កោម៖​ គ្រាប់បែកចង្កោម​ដែលទម្លាក់ក្នុងសង្គ្រាមមានប្រមាណជាង១ម៉ឺនទីតាំង មានបរិមាណគ្រាប់ជាង២៨លានគ្រាប់។
៣.​ បញ្ហាគ្រាប់ទម្លាក់ពីយន្តហោះ​៖​ មានចំនួនជាង២សែន៣ម៉ឺនទីតាំង មានទម្ងន់គ្រាប់បែកប្រមាណ៤.០៣​លានតោន។
៤.​ បញ្ហាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ៖​ គ្រាប់កាំភ្លើងធំ​ គ្រាប់ប្រយុទ្ធថ្មើរជើងផេ្សងៗ គ្មានព័ត៌មានច្បាស់លាស់ទេ។
៥.​ បញ្ហាគ្រាប់បែកអាវុធគីមី៖​ គ្រាប់បែកអាវុធគីមីទម្លាក់ពីយន្តហោះ​មួយចំនួន។

បញ្ហាទាំង៥​នៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជានេះ​ ស្ថិតក្រោមអនុសញ្ញាអន្តរជាតិមួយចំនួន ដូចជា៖
១. បញ្ហាគ្រាប់មីនប្រឆាំងមនុស្សស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។
២.​ បញ្ហាគ្រាប់បែកចង្កោម​ ស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមប្រើប្រាស់ គ្រាប់បែកចង្កោម​។
​៣.​ បញ្ហាអាវុធគីមី​ ស្ថិតក្រោមអនុសញ្ញាអន្តរជាតិហាមឃាត់ប្រើប្រាស់អាវុធគីមី។

លោកបានលើកពីទិដ្ឋភាពច្បាប់ថា ក្នុងចំណោមអនុសញ្ញាអន្តរជាតិទាំង៣ខាងលើនេះ​ កម្ពុជាជារដ្ឋភាគីសម្រាប់អនុសញ្ញាអន្តរជាតិចំនួន២ គឺ​ គ្រាប់មីនប្រឆាំងមនុស្ស និងអាវុធគីមី។ ដូចនេះការអនុវត្តភារកិច្ចបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ត្រូវអនុលោមតាមច្បាប់ជាតិនិងអន្តរជាតិផង និងពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិផងដែរ។ ជាក់ស្តែង ការអនុវត្តអនុសញ្ញាអន្តរជាតិអាវុធគីមី​មានមាត្រាមួយចំនួនមានចែងច្បាស់ថា​ «ការបោសសម្អាតសំណល់អាវុធគីមី​ ជាបន្ទុកទទួលខុសត្រូវដោយប្រទេសផលិតឬរដ្ឋដែលប្រើប្រាស់អាវុធគីមីនោះទៅលើរដ្ឋរងគ្រោះ» ជាដើម។ ឧទាហរណ៍ជាក់សែ្តង បញ្ហាអាវុធគីមីរវាងប្រទេសជប៉ុននិងចិន​ ដោយក្នុងសង្គ្រាមនិងក្រោយសង្គ្រាម ជប៉ុនបានប្រើប្រាស់និងបន្សល់ទុកអាវុធគីមីមួយចំនួននៅលើទឹកដីប្រទេសចិន​ ដូចនេះភាគីរដ្ឋាភិបាលជប៉ុនមានភារកិច្ចជាអ្នករ៉ាប់រងធ្វើការបោសសម្អាតអាវុធគីមីសំណល់សង្គ្រាមនៅទឹកដីប្រទេសចិននោះទាំងស្រុងតែម្តង​ ជំនួសឱ្យភាគីប្រទេសចិន។

លោកបានបន្តទៀតថា យោងតាមការពន្យល់ត្រួសៗខាងលើនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងភាពជាដៃគូល្អជាប្រការចាំបាច់​ និងការពង្រឹងភាពជាម្ចាស់​ ដោយម្ចាស់ការលើសភាពការណ៍ ដើម្បីឯករាជ្យភាពនិងអធិបតេយ្យជាតិជាមូលដ្ឋានគ្រឹះនៃសុខសន្តិភាពសង្គមជាតិ។ ដូចនេះកង្វះខាតការស្វែងយល់សើម្រៅលើឬសគល់បញ្ហា ហើយបែរជាដាក់បន្ទុកលើរាជរដ្ឋាភិបាលនោះ​ អាចធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិ និងទំនាក់ទំនងអន្តរជាតិ៕