(ភ្នំពេញ)៖ បុរសម្នាក់បានដុតខ្លួនឯងនៅស្តាតអូឡាំពិក កាលពីវេលាម៉ោង ៧៖២០នាទីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយពន្លត់ភ្លើង និងនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ។

យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បុរសដែលដុតខ្លួនឯងនេះ មានឈ្មោះ កែវ សុខពៅ អាយុ ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ។ លំនៅឋានរបស់បុរសរូបនេះ ស្ថិតសង្កាត់វាលវង់ ខណ្ឌ៧មករា។

បើយោងតាមការបំភ្លឺរបស់ស្ត្រីឈ្មោះ កែវ ស្រីតូច ត្រូវជាបងស្រី​ បាន​​ប្រាប់​សមត្ថកិច្ចថា ប្អូនប្រុសរបស់គាត់ មានជំងឺផ្លូវចិត្ត និងធ្លាប់ប្រើប្រាស់​គ្រឿង​ញៀន ហើយបានចេញបាត់ពីផ្ទះ២ថ្ងៃមកហើយ។

បច្ចុប្បន្នបុរសរូបនេះ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ គ្រូពេទ្យ បានឱ្យដឹងថា បុរសរូបនេះ ធ្លាប់ធ្វើសកម្មភាពដុត​ខ្លួនឯងម្តងរួចមកហើយនៅម្តុំវិមានឯករាជ្យ៕