(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងពីផ្សារខ្មែរនៅអ៊ីតាលី- Overseas Foods Market di SO Roseline EC.ថា បច្ចុប្បន្ននេះ បើនិយាយអំពីការប្រមូលភោគផលស្រូវរបស់ប្រជាកសិករខ្មែរ និងការនាំចេញអង្ករពីកម្ពុជា មកកាន់ទីផ្សារអឺរ៉ុបយើងឃើញថា អង្ករក្រអូបផ្ការំដួលកម្ពុជា គឺនៅតែជាប្រភេទអង្ករមានតម្រូវការខ្ពស់ និងចាំបាច់នៅលើទីផ្សារអ៊ីតាលី-សហគមន៍អឺរ៉ុបក៏ដូចជាទីផ្សារនៅប្រទេសនានាលើពិភពលោកយ៉ាងប្រពៃថ្លៃថ្លា។

មូលហេតុនាំឲ្យអង្ករក្រអូបផ្ការំដួលកម្ពុជា ជាទីពេញនិយមក្នុងទីផ្សារអ៊ីតាលី-សហគមន៍អឺរ៉ុបក៏ដូចជាទីផ្សារនៅប្រទេសនានាលើពិភពលោកនេះ ពីព្រោះអង្ករខ្មែរបានដាំដុះនៅក្នុងទីតាំងភូមិសាស្រ្ដទឹកដីមានទឹកនិងពន្លឺថ្ងៃគ្រប់គ្រាន់ ដីមានជីជាតិសំបូរបែប ដាំដោយមិនប្រើជាតិគីមី ដាំដោយបែបកសិកម្មប្រពៃណី រួមផ្សំជាមួយម៉ាស៊ីនកិនស្រូវ ដែលមានបច្ចេកវិជ្ជាខ្ពស់និងទំនើប ធានាអង្ករក្រអូបខ្មែរមានក្លិនក្រអូបបែបធម្មជាតិនិងស្រទន់ ផ្ដល់​អត្ថប្រយោជន៍ដល់សុខភាពដ៏អស្ចារ្យជាច្រើនមានដូចជា ៖សម្បូរ​ជាតិ​ប្រូតេអ៊ីន​​ , សម្បូរ​កាល់ស្យូម , ​មានជាតិ​សរសៃ​ខ្ពស់ ជួយកម្ចាត់​នូវ​រាល់​ជាតិពុល​ផ្សេងៗ កាត់បន្ថយហានិភ័យពីជំងឺមហារីកពោះវៀន និងសម្បូរវីតាមីនB ជួយ​បំ​លែង​អាហារ​យ៉ាងប្រពៃ។

បើយើងរំលឹកងាកក្រោយបន្ដិច អំពីគុណតម្លៃអង្ករខ្មែរក្នុងទីផ្សារអន្ដរជាតិនេះទៀតសោត ក្នុងពេលកម្ពុជា បានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមនាទសវត្សឆ្នាំ១៩៧០ កាលណោះក្នុងទសវត្សឆ្នាំ១៩៦០ ប្រទេសកម្ពុជាដឹកនាំដោយសម្ដេចឪព្រះបរមរតនកោដ្ឋ មានទំនាក់ទំនងល្អជាមួយប្រមុខរដ្ឋសេណេហ្គាល់ Senegal លោក Léopold Sédar Senghor បាននាំអង្ករកម្ពុជាចេញទៅលក់នៅលើទីផ្សារសេណេហ្គាល់ និងបានធ្វើឲ្យប្រជាជនសេណេហ្គាល់ ដែលនិយមចូលចិត្តអង្ករខ្មែរ ហើយដែលលែងបានទទួលទានអង្ករខ្មែរទៀតនោះ បានចេញធ្វើបាតុកម្មតវ៉ា ព្រោះមូលហេតុពុំឃើញវត្ដមានអង្ករកម្ពុជា ចូលក្នុងទីផ្សារដើម្បីបម្រើដល់ប្រជាជនសេណេហ្គាល់ទៀត។ នេះជារឿងមួយដ៏អស្ចារ្យនៃប្រវត្តិអង្ករខ្មែរយើង នៅលើទីផ្សារអន្តរជាតិ។
បច្ចុប្បន្នយើងឃើញប្រជាជនសេណេហ្គាល់ ក៏ដូចជាបណ្ដាលប្រជាជាតិនានា ដែលរស់នៅប្រទេសអ៊ីតាលី -សហគមន៍អឺរ៉ុប ក៏ដូចជាទីផ្សារនៅប្រទេសនានាលើពិភពលោកនិយមចូលចិត្តអង្ករខ្មែរយើងជាអាហារចម្បងរបស់ពួកគេយ៉ាងប្រពៃ។

លោក រ័ត្ន សណ្តាប់ បន្ដថា អង្ករក្រអូបផ្ការំដួលកម្ពុជា ក្រៅពីមានគុណភាពដ៏ល្អឯក លើពិភពលោក ក៏មានសំនួរបានចោទទ្បើងថា តើអង្ករក្រអូបផ្ការំដួលជានិមិត្តរូបអ្វី?

ក្នុងគំនិតខ្មែរ ពាក្យថា " ផ្ការំដួល" ដូនតាខ្មែរតែងប្រដូចស្រីក្រមុំទៅនឹងផ្ការំដួល ដែលមានក្លិនក្រអូបស្រទន់ សម្រស់ស្អាត និងមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញពីសាធារណៈជនទូទៅ។ ក្នុងវិស័យកសិកម្ម អង្ករផ្ការំដួល គឺជាអង្ករគ្រាប់វែងរលូន បាយទន់មានរសជាតិក្រអូបឆ្ងាញ់ និងចាត់ទុកជាប្រភេទអង្ករក្រអូបជាប់ចំណាត់ថ្នាក់គុណភាពលេខ១លើពិភពលោក សម្រាប់តម្រូវការទាំងក្នុងស្រុក និងការនាំចេញលើទីផ្សារអន្តរជាតិជាទីពេញនិយម។ អង្ករជាគ្រាប់ធញ្ញជាតិដែលប្រជាកសិករខ្មែរបានដាំដុះតាំងពីរាប់​ពាន់​ឆ្នាំមកហើយ និងបានចាក់ឫសយ៉ាងជ្រៅក្នុងវប្បធម៌​ ប្រពៃណី សាសនា ទេវកថា និងការអភិវឌ្ឍចក្រភពអង្គរដ៏រុងរឿង។

ក្នុងប្រព័ន្ធជំនឿខ្មែរ អង្ករជា"ព្រះមេ " ជាភេទស្រី, ជាម្តាយ ឬជាអាទិទេពដែលផ្តល់ជីវិត , កម្លាំងថាមពល និងប្រាជ្ញាស្មារតី សម្រាប់ទ្រទ្រង់ដល់ជីវិតមនុស្ស។ បើពោលឲ្យចំ អង្ករជាព្រលឹងវិញ្ញាណ ហៅថា "ព្រលឹង​ស្រូវ​ " ជាគ្រាប់ធញ្ញជាតិផ្ដល់កំណើតដល់ជីវិតមនុស្សនិងត្រូវបានគោរពតាំងពីការចាប់ផ្ដើមពីដំបូង រហូតដល់ការហូបចុកជាចុងក្រោយ។

ដូច្នេះអង្ករជាដួងព្រលឹងរបស់ជនជាតិខ្មែរ មានអត្ថន័យពីរយ៉ាងសំខាន់គឺ ទី១៖ ជាអាហារ ទ្រទ្រង់ដល់ជីវិតមនុស្ស និងទី២៖ ជាអរិយធម៌ ដ៏មានឥទ្ធិពលក្នុងវប្បធម៌ខ្មែរ និងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសេដ្ឋកិច្ច វប្បធម៌ សាសនា និងនយោបាយ ដូចពាក្យចាស់ខ្មែរបុរាណពោលថា " ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ " មានស្រូវគឺមានអ្វីៗទាំងអស់ទាំងក្នុងមូលដ្ឋានសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ៕