(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យទីតាំងបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ និងបន្តពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ ដែលកន្លងមកប្រឈមក្នុងការខ្វះទឹកស្រោចស្រព ស្ថិតក្នុងឃុំចំនួន៣ គឺឃុំព្រែកអំបិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

អភិបាលខេត្តកណ្ដាល និងក្រុមការងារបានចុះពិនិត្យទីតាំងដាក់ម៉ាស៊ីនបូមទឹកចំនួន១ ស្ថិតនៅព្រែកប៉ាង ព្រមទាំងពិនិត្យការកាយស្ដារដើម្បីសម្រួលលំហូរទឹក ចូលដល់ប្រឡាយរបស់ប្រជាកសិករ ស្ថិតនៅឃុំកោះខែល ព្រមទាំងបន្តពិនិត្យទីតាំងដាក់ម៉ាស៊ីនបូមទឹកចំនួន២គ្រឿង នៅព្រែកអ៊ុំ និងទីតាំងម៉ាស៊ីនបូមទឹកចំនួន៣គ្រឿង ស្ថិតនៅស្ទឹងកូនជ្រែ ក្នុងឃុំព្រែកអំបិល និងបន្តពិនិត្យស្រូវប្រាំងរបស់ប្រជាកសិករ និងប្រព័ន្ធប្រឡាយនានាក្នុងឃុំទាំងបី រួមមានឃុំក្រាំងយ៉ូវ ឃុំកោះខែល និងឃុំព្រែកអំបិល ដែលកន្លងមកជួបការប្រឈមនឹងការខ្វះខាតទឹក។

ជាក់ស្ដែងបន្ទាប់ពីបានទទួលការអន្តរាគមន៍ដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្ដាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាក់ស្ដែងនៅតាមប្រឡាយនានា ព្រមទាំងប្រឡាយអន្តរឃុំ មានទឹកសម្រាប់ឱ្យប្រជាកសិករបូមស្រោចស្រពស្រែប្រាំងរបស់ពួកគាត់ក្នុងរដូវប្រាំងនេះ។

អភិបាលខេត្តបានឲ្យដឹងថា បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចាត់តាំងដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្តបានជម្រាបជូនប្រជាពលរដ្ឋ ដែលជាប្រជាកសិករកំពុងប្រឈមនឹងការខ្វះខាតទឹកថា សម្រាប់ស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនេះ អាជ្ញាធរបានដោះស្រាយជូនអោយមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រព។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្តបានណែនាំជូនដល់ប្រជាកសិករទាំងអស់ សូមឱ្យធ្វើស្រែតែម្តងក្នុងវស្សានេះ ពីព្រោះបើសិនជាប្រជាពលរដ្ឋបន្តធ្វើនៅលើកទី២ គឺអាចប្រឈមនឹងការខ្វះទឹកប្រើប្រាស់តែម្តង មិនថាតែស្រោចស្រពដំណាំទេ សូម្បីតែមនុស្ស និងសត្វក៏មិនមានទឹកសម្រាប់ផឹក និងបរិភោគផងដែរ។

លោក គួច ចំរើន បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់សូមពិនិត្យ និងតាមដានជាប្រចាំចំពោះបញ្ហាទឹកស្រោចស្រពជូនប្រជាកសិករ ធ្វើយ៉ាងណាឱ្យស្រូវរបស់ប្រជាកសិករមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រាព ហើយមិនត្រូវឱ្យស្រូវរបស់ប្រជាកសិករខូចខាត ដោយការខ្វះខាតទឹកស្រោចស្រពនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។

លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល បានឱ្យដឹងថា ទូទាំងខេត្តកណ្ដាលមានផ្ទៃដីស្រូវប្រាំងរបស់ប្រជាកសិករជាង៥ពាន់ហិតា ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រព។ ក្នុងនោះស្រុកស្អាង មានផ្ទៃដីស្រែប្រាំងជាង២ពាន់ហិចតា ដែលប្រឈមក្នុងការខ្វះការទឹកស្រោចស្រព។

លោកប្រធានមន្ទីរបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្ដាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ដោយគិតមកដល់ពេលនេះ មិនទាន់មានស្រូវប្រាំងរបស់ប្រជាពលរដ្ឋមួយគ្រួសារណាក្នុងខេត្តកណ្ដាល រងការខូចខាតដោយខ្វះខាតទឹកស្រោចស្របឡើយ៕