(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នករស់នៅក្រៅភូមិណារុង ឬអ្នកដែលគ្មានដីនៅតំបន់នៅភូមិណារុង ឃុំឆែបពីរ ស្រុកឆែប ដែលកំពុងញុះញុងបំផុសឱ្យមានអំពើហិង្សា សូមដកខ្លួនចេញ និងបញ្ឈប់សកម្មភាពរបស់ខ្លួនចាប់ពីពេលនេះតទៅ។

តាមរយៈ Channel Telegram ផ្លូវការ របស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលបានបង្ហោះនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះអមដោយខ្លឹមសារថា៖គិតមកដល់ថ្ងៃនេះមានប្រជាពលរដ្ឋចំនួន៣៧គ្រួសារ បានមកចង្អុលបង្ហាញដីជាក់ស្តែង លើដីដែលមានវិវាទនៅភូមិណារុង ឃុំឆែបពីរ ស្រុកឆែប ហើយលោកក៏អំពាវនាវដល់ដែលមានវិវាទ សូមបន្តមកសាលាឃុំឆែប២ ដើម្បីរដ្ឋបាលខេត្ត ដោះស្រាយជូន ក្រុមការងាររដ្ឋបាលខេត្ត នឹងទទួលពាក្យបណ្តឹងអន្តរាគមន៍ដោះស្រាយវិវាទ នៅសាលាឃុំឆែប២ ចាប់ពីថ្ងៃច័ន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។

ជាមួយគ្នានេះលោកអភិបាលខេត្តព្រះវិហារ ក៏បានណែនាំចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលគ្មានដីពិតប្រាកដ ក៏អាចមកសាលាឃុំដើម្បីដាក់ពាក្យស្នើសុំដី ក្រោមកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចេរភាព»។ប៉ុន្តែបើប្រជាពលរដ្ឋដែលមានដីរួចហើយ គឺលក្ខខណ្ឌនៃកម្មវិធី មិនផ្តល់ដីឱ្យនោះទេ។ហើយចំពោះអ្នកដែលនៅក្រៅភូមិណារុង ឬអ្នកដែលគ្មានដីនៅតំបន់ទំនាស់នៅភូមិណារុងនោះ ដែលកំពុងញុះញុងបំផុសឲ្យមានហិង្សា សូមបញ្ឈប់សកម្មភាពរបស់ខ្លួន។

សូមបញ្ជាក់ថា ទំនាស់ដីធ្លីនៅភូមិដងផ្លិត និងភូមិណារុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលកើតឡើងកន្លងមក គឺដោយសារមានការញុះញុងពីប្រជាពលរដ្ឋមួយចំនួនដែលគ្មានដីពិតប្រាកដ ដោយយកលេសធ្វើឱ្យប៉ះពាលដល់ព្រៃអារក្ស ឫព្រៃជំនឿ របស់សហគមន៍បងប្អូនជនជាតិភាគតិចគួយ។ប៉ុន្តែបើតាមការបញ្ជាក់របស់អាជ្ញាធរភូមិ ឃុំ ស្រុក និងមន្ត្រីឧទ្យានុរក្ស តំបន់ការពារព្រះរកា ឆែប នៃមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ថា ដីតំបន់នោះ មិនត្រឹមតែពុំមែនជាព្រៃអារក្ស ឬព្រៃជំនឿរ របស់សហគមន៍ជនជាដើមភាតិគួយនោះទេ ថែមទាំងពុំមានសហគមន៍ជនជិតដើមភាគតិចគួយនោះដែរ មានតែជនជាតិគួយ៩គ្រួសារ តែប៉ុណ្ណោះរស់ក្នុងភូមិដងផ្លិត តំបន់នោះ គឺជាដីស្រែចម្ការរបស់ប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផល។

នៅភូមិដងផ្លិត គឺមានសហគមន៍ការពារធម្មជាតិ (CPA) ដែលមានឈ្មោះថាសហគមន៍ការពារអណ្ដូងដងផ្លិត បង្កើតឡើងតាំងពីឆ្នាំ២០១៨ ដោយប្រកាសក្រសួងបរិស្ថានមានផ្ទៃដីទំហំ ២,៤២៨ហិកតា ដែលប្រជាពលរដ្ឋចំនួន១៤៩គ្រួសារ ជាសមាជិកសហគមន៍។ តំបន់សហគមន៍ការពារធម្មជាតិបណ្ដូងដងផ្លិត គឺជាព្រៃការពារសម្រាប់បងប្អូនសហគមន៍មកពីភូមិដងផ្លិត ចូលទៅដកហូតផលអនុផលព្រៃឈើ និងអាស្រ័យផលអនុផលព្រៃឈើ ក៏ដូចជាទីកន្លែងសម្រាប់ឃ្វាល គោ ក្របី របស់អ្នកភូមិដងផ្លិត និងអ្នកភូមិណារុង៕