(បន្ទាយមានជ័យ)៖ ប្រតិភូក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើដំណើរចេញពីកម្ពុជាត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីបណ្ដាញយុវជន (YNDPP) លើកទី៤ ស្ដីពីការបង្ការទប់ស្កាត់គ្រឿងញៀន និងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ប្រទេសកម្ពុជា រយ:ពេល៣ថ្ងៃ។

ដំណើរចេញពីប្រទេនេះត្រូវបានទទួលស្វាគមន៍ និងរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព ដោយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដោយបានសម្របសម្រួលបែបបទចេញពីប្រទេសរហ័ស ជូនប្រតិភូការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ចំនួន៦០នាក់ មកពី១២ប្រទេស ដឹកនាំដោយលោក MOHD FARUZ HJ SULONG ប្រធានប្រតិភូ និងមានការអមដំណើរប្រតិភូ និងក្រុមយុវជនមកដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយលោកឧត្ដមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ (កិច្ចការទូទៅ និងសហការសន្តិសុខ)។

សូមបញ្ជាក់ថា ប្រតិភូការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ក្នុងកម្មវិធីបណ្ដាញយុវជន (YNDPP) លើកទី៤ ស្ដីពីការបង្ការទប់ស្កាត់គ្រឿងញៀន បានមកទស្សនកិច្ចនៅខេត្តសៀមរាប ប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ដោយចូលនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ និងចេញទៅវិញនៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៥៕