(កំពត)៖ ព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៥នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គរជ័យ បានរៀបចំវេទិកាសាធារណៈ នៅភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន កុសល អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកអង្គរជ័យ ដែលមានការចូលរួមពី លោកបណ្ឌិត អៃ សុងហ៊ាង អនុប្រធានចុះមូលដ្ឋានឃុំរដ្ឋបាលឃុំ សហការី និងប្រជាពលរដ្ឋសរុប ៩៥នាក់ ស្រី ៤៧នាក់។
ក្នុងនោះក្រុមការងារបានជួយឧបត្ថម្ភ កៅអីប្រជុំ ចំនួន ៣០ ដល់រដ្ឋបាលឃុំអង្គរជ័យដែលជាអំណោយរបស់ទីភ្នាក់ងារ Go Study China តាមរយ:លោកបណ្ឌិតអៃ សុងហ៊ាង ដើម្បីសម្រួលដល់ការងាររដ្ឋបាលរបស់ឃុំ ក្នុងគោលបំណងបម្រើ ឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសូឡាចំនួន ០១ដើម ដាក់បំភ្លឺក្នុងភូមិអង្គរំដួល។
ក្នុងវេទិកាសាធារណ:នេះ គឺជាការរៀបចំឡើងលើកទី៦ របស់ឃុំអង្គរជ័យ ក្នុងគោលបំណងប្រមូល និងដោះស្រាយ បញ្ហា និងកង្វល់ជាមូលដ្ឋានរបស់ប្រជាពល រដ្ឋ។ ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋរួមមាន៖ បញ្ហាទឹកស្អាត (គ្មានទឹកប្រើប្រាស់គ្រប់គ្រាន់) បញ្ហាអគ្គិសនី (ដាច់ញឹកញាប់) សូឡាដាក់បំភ្លឺតាមដងផ្លូវ ទំនប់ទឹកខ្វះខាតទឹក ប្រើប្រាស់ ស្នើសុំផ្លូវគ្រួសក្រហម និងស្នើសុំបណ្ណប.ប.ស សម្រាប់មនុស្សចាស់។
ជាការឆ្លើយតបទៅនឹងក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងភូមិអង្គរំដួល ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលឃុំ បានជួយឧបត្ថម្ភសូឡាដាក់បំភ្លឺតាមផ្លូវ ធ្វើផែនការរៀបចំចាក់ផ្លូវគ្រួសក្រហមជូនប្រជាពលរដ្ឋ និងធ្វើរបាយការណ៍លើ សំណើផ្សេងៗទៀតជូនថ្នាក់ស្រុក និងថ្នាក់ដឹកនាំ៕
វិទ្យុមិត្តភាពកម្ពុជាចិន