(សៀមរាប)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំនិងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង បទពិសោធន៍ និងការអរគុណ។

លោកជម្រាបជូនបែបនេះក្រោយលោកនិងក្រុមការងារជូនដំណើរប្រតិភូបណ្តាញយុវជនលើកទី៤ មកពីបណ្ដាប្រទេសចំនួន៩ មាន៖ កម្ពុជា ថៃ មីយ៉ាន់ម៉ា ព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងចិន សរុប៦០នាក់ បានចាកចេញពីកម្ពុជាទៅទៅកាន់ប្រទេសថៃវិញនាថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៥ ដើម្បីបន្តការងាររបស់ខ្លួន។

លោក លឹម តុងហួត បានជម្រាបជូនថា ក្រោយស្នាក់នៅកម្ពុជារយៈពេល៣ថ្ងៃ យុវជនទាំងអស់បានបំពេញបេសកកម្មរបស់ខ្លួនទទួលបាននូវចំណេះដឹង បទពិសោធន៍ពាក់ព័ន្ធនឹងការងារបង្ការទប់ស្កាត់តាបញ្ហាគ្រឿងញៀន តាមរយៈការចែករំលែកនូវបទពិសោធន៍ល្អៗពីយុវជនដូចគ្នា ពីសហគមន៍ក៏ដូចជាបានទស្សនាប្រាង្គប្រាសាទដ៏ល្បាញល្បីរបស់កម្ពុជាគឺប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទភ្នំបាខែង ដែលបានធ្វើឲ្យអារម្មណ៍ក៏ដូចជាមនោសញ្ចេតនារបស់យុវជនទាំងអស់ដិតដាមជាមួយប្បធម៌ អរិយធម៌ស្ថាបត្យកម្មដ៏សម្បូរបែបនិងអស្ចារ្យរបស់កម្ពុជា ស្នាមញញឹមរាក់ទាក់របស់កម្ពុជា ពួកគាត់នឹងយកទៅផ្សព្វផ្សាយតាមលទ្ធភាពហើយពួកគាត់បានសន្យាថាគាត់និងគ្រួសារនឹងមកទស្សនាស្វែងយល់ពីកម្ពុជាម្ដងទៀត។

ចំណាប់អារម្មណ៍របស់ក្រុមនិស្សិតពីប្រទេសថៃ មីយ៉ាន់ម៉ា ព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងចិន បានបង្ហាញចំណាប់អារម្មណ៍ថា ពួកយើងមានកិត្តិយសណាស់ដែលយើងអាចឈរនៅទីនេះសៀមរាប យើងស្គាល់អង្គរវត្ត និងវប្បធម៌ខ្មែរ ប្រជាជនកម្ពុជាមានភាពរួសរាយ រាក់ទាក់ និងស្វាគមន៍យ៉ាងកក់ក្តៅ វប្បធម៌ខ្មែរពិតជាអស្ចារ្យធ្វើឱ្យពួកយើងខ្ញុំចាប់អារម្មណ៍ខ្លាំងនិងទទួល​បាន​អនុស្សាវរីយ៍​ល្អៗពីពីសៀមរាប​ កម្ពុជាទាំងអស់គ្នា នេះជាលើកដំបូងដែលយើងបានមកខេត្តសៀមរាប ពួកយើងពិតជាស្ញប់ស្ញែងនូវវប្បធម៍ខ្មែរថាពិតជាអស្ចារ្យខ្លាំងមែនទែនពួកយើងនឹងត្រឡប់មកទស្សនាកម្ពុជាម្តងទៀតនាពេលអនាគត និងសូមអរគុណដល់ក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់គ្នាដែលបានទទួលស្វាគមន៍គាត់យ៉ាងកក់ក្តៅតាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃវិលត្រឡប់ទៅវិញ ហើយការស្វាគមន៍របស់អ្នកធ្វើឲ្យយើងខ្ញុំចង់ចាំប្រទេសកម្ពុជា ប្រាសាទអង្គរវត្ត ជាពិសេសការរួសរាយ រាក់ទាក់របស់ប្រជាជនខ្មែរ ថ្ងៃក្រោយខ្ញុំ និងនាំគ្រួសារខ្ញុំមកលេងម្តងទៀត។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណដល់ក្រុមការងាររទាំងអស់ ក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប អគ្គនាយកដ្ឋានអន្តោប្រវេសន៍និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានផ្ដល់នូវកិច្ចសហការល្អប្រសើរឲ្យការងារទទួលបដិសណ្ឋារកិច្ចនេះប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យត្រចះត្រចង់៕