(ស្ទឹងត្រែង)៖ កម្លាំង​សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៅខេត្តស្ទឹងត្រែង បានឃាត់ខ្លួន​បុរសម្នាក់​មក​សួរនាំ និងបញ្ជូនទៅការសាលាដំបូងខេត្តស្ទឹងត្រែង បន្ទាប់ពីបានរក​ឃើញថា បុរសរូបនេះជាប់ពាក់ព័ន្ធនឹងការកាប់រំលំដើមឈើទាលធំៗនៅដែន​ជម្រក​សត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានប្រាប់ Fresh News នៅរសៀ​ល​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា បុរសដែលបានឃាត់ខ្លួននេះ គឺជាអ្នករស់នៅតំបន់​ព្រៃឈើដែលបានកាប់រង្គាលនោះ។ បុរសរូបនេះ បានអះអាងថា ដីដែលត្រូវបាន​កាត់​​​រំលំឈើទាលជាដីរបស់គាត់។

លោក សរ សុពុត្រា បានបញ្ជាក់ថា ការកាត់រំលំដើមឈើទាលធំៗនេះ គឺគេធ្វើក្រោម​រូបភាពដុតយកជ័រ បន្ទាប់មកកាប់ឈើ និងទន្ទ្រានយកដី។ បើតាមលោកអភិបាល នៅពេលសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួនទៀត តែពួកគេបាន​គេចខ្លួនបាត់អស់ហើយ។ អ្នកពាក់ព័ន្ធភាគច្រើនជាអ្នកដែលរស់នៅតំបន់នោះតែ​ម្តង។

លោកអភិបាលខេត្តស្ទឹងត្រែង បានអះអាងថា លោកចាត់វិធានការច្បាប់លើក្រុមជន ដែលកាប់បំផ្លាញឈើនេះដោយគ្មានការលើកលែងនោះឡើយ។

សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃមុននេះ គេបានប្រទះឃើញដើមឈើទាលមានទំហំធំៗ និងខ្ពស់សន្លឹមរាប់សិបដើម ត្រូវបានគេលួចកាត់រំលំ និងច្រៀកជាឈើធ្វើផ្ទះ។ ឈើទាលធំៗ ដែលគេលួចកាត់រំលំនេះ ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ឈើដែលបានកាត់អាជ្រៀកខាងលើនេះ ជាប្រភេទ​ឈើទាល ចំនួនសរុប៥៦គល់។ ក្នុងនោះអារំលំថ្មីមានចំនួន៤៩គល់ និងអារចាស់មានចំនួន៧គល់។ ឈើទាំងនោះ មានអង្កាត់ផ្ជិតចាប់៤០សងទីម៉ត្រែ ទៅ១០០សង់ទីម៉ែត្រ ក្នុងប្រភេទដើមឈើនីមួយៗ។ ឈើអាច្រៀកខាងលើនេះ គឺជាដើមឈើច្បោះជ័ររបស់ភូមិ ហើយទីតាំងនោះមានចំការចាស់ព័ទ្ធជុំវិញ ហើយមានដាក់ឈើបាញ់ថ្នាំសម្គាល់ គ្រោងកាប់រុករានដីព្រៃ។
សេចក្តីសន្និដ្ឋានរបស់ក្រុមការងារ ករណីខាងលើនេះជាករណីកាប់រំលំ អារច្រៀកឈើ បន្ទាប់មកកាប់រុករានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ៕