(បាត់ដំបង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង, អាជ្ញាធរមូលដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានដឹកនាំមន្ដ្រីបច្ចេកទេសចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ និងពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ផ្លូវចំនួន៣ខ្សែនៅខេត្តបាត់ដំបង នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។
ខ្សែផ្លូវទី១ ផ្លូវដែលទទួលរងការខូចខាតប្រវែង ២,៨គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិតាតុក ឃុំមោង ទៅដល់ភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី។ ជាមួយគ្នានោះ លោករដ្ឋមន្ដ្រីបានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ពិនិត្យលទ្ធភាពសាងសង់ផ្លូវនេះជាផ្លូវក្រាលកៅស៊ូពីរជាន់ ឬផ្លូវក្រាលបេតុងនាពេលខាងមុខ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការធ្វើធុរកិច្ចផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ខ្សែផ្លូវទី២ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២២,២គីឡូម៉ែត្រ ទទឹងប្រវែង៧ម៉ែត្រ តភ្ជាប់ពីភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ទៅដល់ភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ក្រឡ ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបាន៣៣%។
ខ្សែផ្លូវទី៣ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤,១០គីឡូម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិកកោះ ឃុំកកោះ ទៅដល់ភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបាន៦៧%។
ខ្សែផ្លូវទី៤ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤,១០គីឡូម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិរ៉ា ឃុំធិបតី ទៅដល់ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបាន៤៣%។
ទន្ទឹមនឹងការចុះពិនិត្យវឌ្ឍនភាពស្ថាបនានេះផងដែរ លោករដ្ឋមន្ត្រីបានពិនិត្យ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ ដោយការស្ថាបនាផ្លូវប៉ះពាល់ប្រឡាយទឹកប្រេីប្រាស់របស់ពួកគាត់ផងដែរ។ ការងារសាងសង់ផ្លូវទាំងបីខ្សែខាងលើនេះ ស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដែលជាហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)។
ក្នុងឱកាសពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំង៣ខ្សែឭនោះផងដែរ លោករដ្ឋមន្ដ្រីបានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង៕