Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម័្ពន្ធ ដែលទើបស្ថាបនារួចរាល់នៅឃុំស្ទឹងត្រង់ និងណែនាំដល់អង្គភាពជំនាញបំពាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍នៅតាមដងផ្លូវ ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍

02-02-2025 13:41

(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះពិនិត្យមើលសមិទ្ធផលផ្លូវកៅស៊ូ DBST លូអ៊ុយ ធ្វើជញ្ជាំងបេតុងការពារជើងទេផ្លូវ និងស្ពានបេតុង ទើបស្ថាបនារួចរាល់ ដែលជាគម្រោងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងកំណត់ទីតាំងដាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍។

លោកស្រី បាន ស្រីមុំ លើកឡើងថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវគឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវកៅស៊ូ DBST លូអ៊ុយ ធ្វើជញ្ជាំងបេតុងការពារជើងទេផ្លូវ និងស្ពានបេតុងនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។

លោកស្រីអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវន្តនានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។

លោកស្រី បាន ស្រីមុំ បានណែនាំដល់មន្ទីរសាធារណការនិងជញ្ជូនខេត្តដាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍នៅតាមដងផ្លូវ ទៅតាមស្តង់ដារបច្ចេកទេស ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ និងសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមជួយថែរក្សាសមិទ្ធផល ដែលទើបស្ថាបនារួចរាល់នេះ ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

បើតាមការបញ្ជាក់របស់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការនិងជញ្ជូនខេត្ត ការងារស្ថាបនាផ្លូវខេត្តលេខ១ PL១១ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានពីរដំណាក់កាល៖ ដំណាក់កាលទី១ស្ថាបនាផ្លូវដោយក្រាលកៅស៊ូប្រភេទ DBST ប្រវែង ១,២៥០ម៉ែត្រ ទទឹង ៨ម៉ែត្រនិងចិញ្ចើមបេតុងប្រវែង ១៥៣ម៉ែត្រ ទទឹង ១ម៉ែត្រ សងខាង, ស្ថាបនាជញ្ជាំងការពារជើងទេរទំហំ ៧៨៦,១០ម៉ែត្រការ៉េ និងបំពាក់បរិក្ខាចរាចរណ៍តាមដងផ្លូវ (គម្រោងផែនការក្នុងឆ្នាំ២០២៣) និង ដំណាក់កាលទី២ ស្ថាបនាជញ្ជាំងបេតុងការពារជើងទំហំ៥៥៣៤,៥០ម៉ែត្រការ៉េ (គម្រោងទឹកជំនន់ក្នុងឆ្នាំ២០២៤)៕