(កណ្ដាល)៖ គណៈកម្មាធិការគណបក្សស្រុកកណ្តាលស្ទឹង បានប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះលោកគ្រូ-អ្នកគ្រូ ទូទាំងស្រុកកណ្តាលស្ទឹង សរុប១១៣៦នាក់ ក្រោមអធិបតីភាពលោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់សេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជារួចមក លោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូ ក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋានស្រុកកណ្តាលស្ទឹង ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ក្នុងរយៈពេលកន្លងមកនេះ។

លោកបានលើឡើងថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃចំពោះដំណើរការនៃការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ​ស្របតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ជាពិសេសតាមរយៈការអនុវត្តវិធានការគន្លឹះទាំង៥ បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា, ការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម, ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សង្គម។

លោកបានគូសបញ្ជាក់ពីការដាក់ចេញទិសដៅរបស់សន្និបាតឆ្នាំ២០២៥ ក្នុងការពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូងរដ្ឋធម្មនុញ ការពាររឹងមាំឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ការពារដាច់ខាត សុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឲ្យកម្លាំងអមិត្ត ឬក្រុមជ្រុលនិយមណាមកបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនបានឡើយ។

លោកកិត្តិសង្គហបណ្ឌិតបានផ្តាំផ្ញើដល់គណៈកម្មាធិការបក្សស្រុក គណបក្សឃុំ បង្កើន និងពង្រឹងសមាជិកគណបក្សទាំងបរិមាណ គុណភាព ដោយឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសបន្ត ការកសាង អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

លោកកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើដល់មន្រ្តីបក្សចុះពង្រឹងមូលដ្ឋាន និងមន្រ្តីគណបក្សគ្រប់ថ្នាក់ បន្តធ្វើអំពើល្អ ខិតខំយកអស់កំលាងកាយចិត្តនិងស្មារតីទទួលខុសត្រូវ បម្រើប្រជាជន ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបង្រ្កាបទាន់ពេលវេលារាល់បទល្មើស ការប្រើប្រាស់គ្រឿងញឿន ការបន្តថែរក្សាសុខសន្តិភាព អនុវត្តភូមិ-ឃុំ មានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឆ្លើយតបទៅនឹងសំណូមពរ និងកង្វះខាតរបស់លោកគ្រូ អ្នកគ្រូ លោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តល់ជូននូវតុ កៅអី ក្តាខៀន និងម៉ាស៊ីនព្រីនធឺរ កុំព្យូទ័រ ដល់គ្រប់សាលារៀននៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕