(ភ្នំពេញ)៖ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានចេញលិខិតគោរពជូនប្រធានគណៈកម្មាធិការគណបក្សរាជធានី-ខេត្ត ជាមួយនឹងកម្មវត្ថុណែនាំឱ្យបង្កើតក្រុមការងារទំនាក់ទំនងថ្មីតាមកម្មវិធី CoolApp សម្រាប់គណៈកម្មាធិការគណបក្សរាជធានី-ខេត្តនីមួយៗ ជំនួសឱ្យការប្រើប្រាស់កម្មវិធី Telegram។

ផ្អែកលើនេះ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ក៏បានស្នើឱ្យប្រធានគណៈកម្មាធិការគណបក្សរាជធានី-ខេត្តទាំងអស់ ផ្ញើឈ្មោះ និងលេខទូរសព្ទប្រធានគណៈប្រចាំការគណបក្សរាជធានី-ខេត្ត និងប្រធាន ឬអនុប្រធានមន្ទីរគណបក្សរាជធានី-ខេត្ត១រូប ដែលមានប្រើប្រាស់កម្មវិធី CoolApp មកខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឱ្យបានមុនថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ តាមរយៈ CoolApp របស់លោក ហ៊ល កុសល លេខ 012 771 812។

សូមជម្រាបថា នៅក្នុងមហាសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានកោតសរសើរចំពោះការប្រើប្រាស់ CoolApp និងថែមទាំងបានណែនាំដល់ស្ថាប័នចំណុះគណបក្ស សមាជិកគណបក្សទាំងអស់ សូមងាកមកប្រើប្រាស់កម្មវិធីទំនាក់ទំនង CoolApp នេះវិញ ដែលជាស្នាដៃបង្កើតដោយកូនខ្មែរ ផ្ដល់នូវសុវត្ថិភាពខ្ពស់ សន្តិសុខ និងជាតិនិយម៕