(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងចម្រុះ មាននគបាល យោធា និងកងរាជអាវុធហត្ថ ចុះកាប់បំផ្លាញដំណាំកញ្ឆាខុសដែលក្រុមជនខិលខូចលួចដាំខុសច្បាប់នៅតាមជម្រាលភ្នំបាយ៉ង់កោ ស្ថិតនៅឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។
ក្នុងការដឹកនាំកម្លាំងចុះបង្រ្កាប និងកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះ កម្លាំងសមត្ថកិច្ចចម្រុះបានកាប់បំផ្លាញទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ចំនួន៧ទីតាំង ស្មើនឹងជាង៣ពាន់ដើម នៅលើផ្ទៃដីជាង១ពាន់ម៉ែត្រការ៉េ ព្រមទាំងបានបំផ្លាញអាងទឹកសម្រាប់ស្រោចស្រពដំណាំកញ្ឆាចំនួន៦អាងទឹកទៀត។
នាឱកាសនោះ លោកអភិបាលខេត្តតាកែវក៏បានណែនាំដល់សមត្ថកិច្ច ជាពិសេសសមត្ថកិច្ចនៅមូលដ្ឋានត្រូវតាមដានឃ្លាំមើលឱ្យបានញឹកញាប់ និងបន្តចុះពិនិត្យមើលដល់ទីតាំង ដើម្បីធ្វើយ៉ាងណាបង្រ្កាបឱ្យអស់នូវការលួចដាំដំណាំកញ្ឆាខុសច្បាប់នេះនៅតាមជម្រាលភ្នំបាយ៉ង់កោ៕